ឯកឧត្តម សុខ ឥសាន៖ រាជរដ្ឋាភិបាលបង្កើត គណៈបញ្ជាការឯកភាពមួយ ដើម្បីធានាសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាសុវត្ថិភាពសម្រាប់ការបោះឆ្នោត នាពេលខាងមុខ


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ដើម្បីធានាឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៤ ដំណើរការទៅដោយរលូននោះ គឺទាមទារឲ្យភាគីពាក់ព័ន្ធ នៃការបោះឆ្នោត ត្រូវអនុវត្ដច្បាប់ឲ្យបានត្រឹមត្រូវ និងអនុវត្ដឲ្យបានតាមគោលការណ៍ នីតិវិធី និងក្រមសីលធម៌របស់គ.ជ.ប។

ឯកឧត្តមបានបញ្ជាក់ថា”រាជរដ្ឋាភិបាល បានប្រកាស ជាជំហរជាក់លាក់របស់ខ្លួនហើយ ថា ឆ្ពោះទៅរកការបោះឆ្នោត អីចឹងដើម្បីធានាឲ្យការបោះឆ្នោតមួយ ប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ វាទាមទារឲ្យភាគីពាក់ព័ន្ធ នៅក្នុងការបោះឆ្នោតហ្នឹង អនុវត្ដច្បាប់ឲ្យបានត្រឹមត្រូវ អនុវត្ដឲ្យបានតាម គោលការណ៍ នីតិវិធី និងក្រមសីលធម៌របស់គ.ជ.ប តែប៉ុណ្ណោះ អាហ្នឹងយើងធានាបាន ការបោះឆ្នោតមួយ ទទួលយកបានទាំងអស់គ្នា តែបើភាគីណាមួយ លេងល្បិចអនុវត្ដមិនត្រឹមត្រួវ តាមគោលការណ៍ច្បាប់ទេ អាហ្នឹងគឺថាមិនអាចឲ្យការបោះឆ្នោតហ្នឹង ប្រព្រឹត្ដដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្ដិធម៌បានទេ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានឲ្យដឹងដែរថា រាជរដ្ឋាភិបាលបង្កើត គណៈបញ្ជាការឯកភាពមួយ ដើម្បីធានាសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាសុវត្ថិភាពសម្រាប់ការបោះឆ្នោត នាពេលខាងមុខ មិនមែនដើម្បីគម្រាមកំហែង គណបក្សនយោបាយណា ឬក៏ធ្វើឲ្យមានហានិភ័យ ចំពោះការបោះឆ្នោតនោះទេ។