កម្ពុជាអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល ៦វិស័យ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនសម្រាប់គាំទ្រ និងអនុវត្តក្នុងវិស័យ TVET


គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានផ្តល់យោបល់ឯកភាពអនុម័តយល់ព្រមលើកញ្ចប់ស្តង់ដាបណ្តុះបណ្តាល ៦វិស័យ និងលិខិតបទដ្ឋានគតិយុត្តដែលបានអភិវឌ្ឍក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ការពិនិត្យ និងផ្តល់ការអនុម័តយល់ព្រមលើឯកសារគាំទ្រថ្នាក់ជាតិនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល អមជាមួយពិធីប្រកាសបច្ចុប្បន្នភាពសមាសភាព និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលថ្មី នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា កន្លងមក គណៈកម្មាធិការជាតិបណ្តុះបណ្តាល ធ្លាប់បានអនុម័តយល់ព្រមដាក់ឱ្យប្រើប្រាស់ និងអនុវត្តគោលនយោបាយមួយចំនួនសម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលតាមវិស័យអាទិភាពលើមុខរបរ ដែលទីផ្សារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគតជាច្រើនរួចមកហើយ ដែលកញ្ចប់ស្តង់ដាបណ្តុះបណ្តាលនេះ គឺជាឯកសារគោលក្នុងការកំណត់សមត្ថភាពសំខាន់ៗ ដូចជា សមត្ថភាពមូលដ្ឋាន ឬសមត្ថភាពគាំទ្រការបំពេញការងារ (ជំនាញទន់) និងសមត្ថភាពស្នូល (ជំនាញបច្ចេកទេសបំពេញការងារ) ជាដើម។

កញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើ ៦ វិស័យនោះ មានមុខរបរចំនួន ៣៣ មុខ ចាប់ពីកម្រិត ១ ដល់កម្រិត ៥ នៃក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ក្នុងនោះមានវិស័យសំណង់មាន ៨ មុខរបរ វិស័យមេកានិក (អនុវិស័យរថយន្ត) មាន ៧ មុខរបរ វិស័យអគ្គិសនី និងថាមពលមាន ៥ មុខរបរ វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមាន ៤ មុខរបរ វិស័យកម្មន្តសាលមាន ៧ មុខរបរ វិស័យបរិក្ខារត្រជាក់ និងកម្ដៅមាន ២ មុខរបរ និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលអ្នកវាយតម្លៃសមត្ថភាពកម្រិត ១។

ការងារនេះគឺសម្រាប់គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF) ឱ្យផ្សារភ្ជាប់ទៅនឹងក្របខ័ណ្ឌគុណវុឌ្ឍិយោងអាស៊ាន (AQRF) ក៏ដូចជាការគាំទ្រប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា (CBACS) ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ននេះ។

គួររំលឹកថា កិច្ចប្រជុំរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលលើកទី៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ បានអនុម័តលើគោលនយោបាយមួយចំនួន សម្រាប់អនុវត្តនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមមាន៖ ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា គោលនយោយបាយស្តីពីការវាយតម្លៃផ្អែកលើសមត្ថភាព និងផ្តល់គុណវុឌ្ឍិ គោលនយោបាយស្តីពីកម្មសិក្សា ដែលជាឯកសារសំខាន់ៗគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា និងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលមួយចំនួនទៀត៕