ឯកឧត្តម ខូយ សុខា និង ឯកឧត្តម ម៉ៅ ធនិន ៖ យុវជនក្រុងពោធិ៍សាត់ ត្រូវធ្វើឲ្យសក្តិសមជាអ្នកកាន់ជើងធូប បន្តវេនដល់គណបក្ស


មានប្រសាសន៍សំណេះសំណាល ជាមួយយុវជនជំនាន់ក្រោយ ក្នុងឱកាសប្រកាសសុពលភាព សមាសភាពថ្នាក់ដឹកនាំ ក្រុមការងារយុវជនក្រុងពោធិ៍សាត់ ចំនួន ២២៤នាក់ ក្នុងនោះថ្នាក់ក្រុង ០៥នាក់ ថ្នាក់សង្កាត់ ២១នាក់ និង ថ្នាក់ភូមិ ១៩៨នាក់ នាល្ងាចថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើរទៅដល់យុវជនក្រុងពោធិ៍សាត់ ត្រូវធ្វើយ៉ាងណាឲ្យសក្តិសមជាអ្នកកាន់ជើងធូប បន្តវេនដល់គណបក្ស ។
ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គីសនីកម្ពុជា និង ជាប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់ បានឲ្យដឹងថា ៖ នេះជាចុងបញ្ចប់ បន្ទាប់ពីក្រុមការងារយុវជនខេត្ត បានធ្វើពិធីប្រកាសសុពលភាព សមាសភាព ថ្នាក់ដឹកនាំ ក្រុមការងារយុវជនថ្នាក់ស្រុក ឃុំ និង ភូមិ រួមមាន ៖ ស្រុកបាកាន ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកវាលវែង និង ស្រុកភ្នំក្រវាញ រួចមកហើយកាលពីចុងឆ្នាំ ២០១៥ និង ដើមឆ្នាំ ២០១៦នេះ ។ ឯកឧត្តម បានលើកទៀតថា ដោយទទួលបាន លិខិតលេខ ៥ ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៥ សេចក្តីណែនាំ របស់ប្រធានក្រុមការងារយុវជនខេត្ត និង គណបក្សខេត្ត ស្តីពីរចនាសម្ព័ន្ធក្រុមការងារយុវជនក្រុងពោធិ៍សាត់មានចំនួន ២២៤នាក់ ក្នុងនោះថ្នាក់ក្រុង ០៥នាក់ ថ្នាក់សង្កាត់ ២១នាក់ និង ថ្នាក់ភូមិ ១៩៨នាក់ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានលើកឡើងថា ៖ យុវជនគប្បីខិតខំ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមសហការរវាងមនុស្សចាស់ និង យុវជនជំនាន់ក្រោយ អនុវត្តន៍តាមកម្មវិធីនយោបាយរបស់បក្ស ឈានទៅដណ្តើមយកជោគជ័យក្នុងពេលខាងមុខ ដើម្បីបន្តកាន់ជើងធូប របស់គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលបានរំដោះឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បញ្ជាក់ពីការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេល ៣៧ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ៖ ការជួបជុំគ្នានៅពេលនេះ គឺមានគោលបំណងប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារយុវជនថ្នាក់ក្រុង សង្កាត់ និង ភូមិ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីបានប្រារព្ធធ្វើជាបន្តបន្ទាប់ នៅស្រុកបាកាន ក្រគរ កណ្តៀង វាលវែង និង ស្រុកភ្នំក្រវាញរួចមកហើយ ។ ការចងក្រងរចនាសម្ព័ន្ធយុវជននេះឡើង ងាយស្រួលក្នុងការងារគ្រប់គ្រង ដឹកនាំជម្រុញការអភិវឌ្ឍន៍នៅមូលដ្ឋាន ។ ទាំងអស់នេះ ក៏ទាមទារឲ្យយុវជនក្រោយ កុំមានការស្ទាក់ស្ទើរ កុំរើសអើង ត្រូវមានឆន្ទះអង់អាច តស៊ូឧស្សាព្យាយាម និង ត្រូវបានប្រជាពលរដ្ឋ គោរពស្រឡាញ់នៅក្នុងមូលដ្ឋាន ។ ឯកឧត្តមបានក្រើនរំលឹកដល់យុវជនជំនាន់ក្រោយនេះ ត្រូវចេះរៀបចំខ្លួនឲ្យបានស្អាតស្អំ ធ្វើយ៉ាងណាឲ្យដូចយុវជនសម័យមុន ដែលមកដល់ពេលនេះ មួយចំនួនត្រូវបានចូលនិវត្តន៍ជាបន្តបន្ទាប់ ។ តែទោះជាយ៉ាងនេះក៏ដោយ យុវជនជំនាន់មុន បានបង្ហាញចំណេះដឹង បទពិសោធន៍ដែលមានទាំងប៉ុន្មាន ផ្តល់ទៅឲ្យអ្នកជំនាន់ក្រោយ ហើយអ្នកជំនាន់ក្រោយ ត្រូវតែខិតខំរៀនសូត្រនូវបទពិសោធន៍ពីអ្នកជំនាន់មុន នេះគឺជាគុណធម៌នៃប្រជាជាតិខ្មែរយើង ។ យុវជនជំនាន់ក្រោយត្រូវយកបទពិសោធន៍ទាំងអស់នោះ ដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិ និង ប្រជាជនយើងទាំងមូល ។
ក្នុងខណៈនោះក៏មានរៀបចំពិសាបាយសាមគ្គី និង រាំលេងកម្សាន្ត រហូតដល់ម៉ោង ៨យប់ផងដែរ ៕
porsat 1-2-2016 (6)                  porsat 1-2-2016 (18)
porsat 1-2-2016 (22)                    porsat 1-2-2016 (11)
porsat 1-2-2016 (9)                     porsat 1-2-2016 (10)
porsat 1-2-2016 (5)                   porsat 1-2-2016 (10)