កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យក្រុមការងាររបស់អង្គការអភិរក្សអន្តរជាតិ (Conservation International-CI) ដឹកនាំដោយលោក Carlos Manuel Rodriguez អនុប្រធាន និងជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយរបស់អង្គការ CI (អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសកូស្តារីកា) បានចូលជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំកសាង«គោលនយោបាយជាតិស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី – Payments for Ecosystem Services (PES)» នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការពង្រីកប្រព័ន្ធតំបន់ការពារធម្មជាតិរហូតដល់ប្រមាណ ៧,៥លានហិកតា ការជំរុញការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍មូលដ្ឋានតាមរយៈការកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងការរៀបចំបង្កើតនិងអនុវត្តគោលនយោបាយជាតិស្តីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលជាយន្តការហិរញ្ញប្បទាននិរន្តរភាពមួយសម្រាប់គាំទ្រដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានព្រៃឈើ ហើយឯកឧត្តមបានស្នើឱ្យមានកិច្ចសហការល្អរវាក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារCI នៅក្នុងដំណើរការនៃការរៀបចំឯកសារដ៏មានសារសំខាន់នេះ ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ។