សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា


នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧ រសៀលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វឌ្ឍនៈភាពនៃវិស័យអប់រំមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺសុទ្ធតែមានការចូលរួមគ្រប់ដំណាក់កាល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិសយ័អប់រំបានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សអោយទទួលបាននូវចំណេះដឹង ចំណេះធ្វើ និង ជំនាញផ្សេងៗដើម្បីចួលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយមានកាន់តែរីចម្រើនរុងរឿង ។ នៅក្នុងពីរទសវត្សចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧.៧% ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំយកចិត្តទុកដាក់ជានិច្ចចំពោះវិស័យអប់រំតាមរយៈការធ្វើកំណែទំរង់ និងការតំឡើងប្រាក់ខែជូនគ្រូបង្រៀនជាបន្តបន្ទាប់ ដើម្បីអោយវិស័យអប់រំកាន់តែមានប្រសិទ្ធិភាព។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំ ៦ចំនុចសំខាន់ៗដូចជា ទី១)-បន្តរអោយមានសកម្មភាពបន្ថែមទៀតដើម្បីឈានទៅរកសមធម៍ ដោយខិតខំអប់រំកុមារតូចៗ អោយបានសិក្សារៀនសូត្រយ៉ាងតិច ៩ ឆ្នាំ ជាពិសេស ចូលរួមផ្នែកអនាម័យ តាមរយះបង្កើតអោយមានជាបង្គន់អនាម័យតាមសាលារៀនជនបទ ខិតខំអប់រំផ្លូវចិត្ត ផ្លូវកាយ និងខិតខំបង្ហាត់ភាសារបរទេសដល់កុមារតូចៗផងដែរ។ ទី២)- ពង្រឹងប្រពន្ធ័ការងារគ្រូបង្រៀនតាមគ្រឹះស្ថាននានា ក្នុងការបណ្តុះបណ្តាលដល់សិស្សានុសិស្ស ប្រកបដោយការទទួលខុសត្រូវអោយមានប្រសិទ្ធិភាពខ្ពស់។ ទី ៣)-អនុវត្តសកម្មភាពលើការងារយុវជន ត្រូវពង្រឹងសកម្មភាពការងារយុវជនទាំងបច្ចេកទេស បច្ចេកវិទ្យា សកម្មភាពការងារចុះជួយតាមមូលដ្ឋាន ក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ។ ទី ៤)-ជម្រុញការអនុវត្តសកម្មភាពលើការលេងកីឡាអោយបានច្រើនបន្ថែមទៀត ជាពិសេសអនុវត្តកម្មវិធីអប់រំកាយ និងកីឡា តាមគ្រឹះស្ថានសិក្សានានា ដោយមានកម្មវិធីហ្វឹកហ្វឹនលក្ខណៈជាតិនិង អន្តរជាតិ ព្រមទាំងបំផុសស្មារីអោយលេងកីឡា និងស្ថាប័នពាក់ព័ន្ធត្រូវលើកទឹកចិត្តដល់វិស័យកីឡាជាពិសេសហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួត Sea-Games) ឆ្នាំ ២០២៣ ខាងមុខនេះ។ សាលារៀនត្រូវរៀបចំអោយមានទីធ្លាកីឡាអោយបានច្រើន រួមទាំងតារាងបាល់ទះ បាល់បោះ បាល់ទាត់ និងកីឡាកាយសម្ព័ន្ឋដើម្បីក្មួយៗសិស្សានុ សិស្សមានឱកាសបានហ្វឹកហាត់គ្រប់កម្រិត និងគ្រប់អាយុ។ ទី ៥)-បង្កើតប្រសិទ្ធិភាពហិរញ្ញប្បទាន ដើម្បីចូលរួមចំនែកក្នុងការលប់បំបាត់គ្រឿងញឿន ជួញដូរស្ត្រី និងកុមារ មេរោគអេដស៍ ជំងឺអេដស៍ និងការលប់បំបាត់ចោរកម្មផ្សេងៗ ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជន អោយចូលរួមលេងកីឡាដើម្បីសុខភាពចៀសវាងការសេពគប់គ្រឿងញៀន និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ចុងបញ្ជប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរីយយស ជូនដល់មន្ត្រីដែលទទួលបានស្នាដៃឆ្នើមល្អក្នុងការបណ្តុះបណ្តាលការងារអប់រំនៅក្នុងប្រទេសកម្ពុជា៕