សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភសម្ភារ ថវិកា និងចុះផ្ដល់អំណោយដោយផ្ទាល់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់


សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ទាំងជាតិ-អន្ដរជាតិ ដែលបានចូលរួមឧបត្ថម្ភ ជាថវិកា សម្ភារ និងគ្រឿងឧបភោគ-បរិភោគ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅទូទាំងរាជធានីខេត្ដចំនួន១៩ ដែលរងផលប៉ះពាល់។

ជាពិសេស គឺបានចូលរួមមកចុះផ្ដល់អំណោយដោយផ្ទាល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ លើសពីនោះ សប្បុរសជនជាច្រើនផ្សេងទៀត បានផ្ដល់ថវិកា ជូនដល់រាជរដ្ឋាភិបាលផង និងកាកបាទក្រហមផង ដើម្បីសម្រាប់ជួយដល់ពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង ហើយថែមទាំងចុះជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋដោយចុះផ្ទាល់ៗជាមួយ ប្រជាពលរដ្ឋនៅតាមភូមិស្រុកផងដែរ។

ការថ្លែងបែបនេះ របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារទឹកជំនន់ចំនួន១,៣៨២គ្រួសារ មកពី៤៦ភូមិ ៦សង្កាត់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «នេះជាមោទនភាពមួយ ដែលឃើញសប្បុរសជនទាំងអស់ជាតិ និងអន្ដរជាតិ មានស្មារតីនៃការចែករំលែក និងសាមគ្គីគ្នាជួយគ្នាទៅវិញទៅមកក្នុងគ្រាក្រលំបាកនេះ»

ជាពិសេស សកម្មភាពចុះជួយសម្រាលកាលលំបាករបស់សប្បុរសជននេះ ស្របទៅតាមការអំពាវនាវកន្លងមក របស់រាជរដ្ឋាភិបាល ដោយតែងតែអំពាវនាវដល់សប្បុរសជននានា ដែលមានលទ្ធភាព មានជាថវិកា សម្ភារក្ដី សូមជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗដោយផ្ទាល់ៗផងពេលបានឃើញ និងជួបប្រទះការលំបាកវេទនារបស់ពលរដ្ឋយើង។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកោតសរសើរចំពោះសប្បុរសជនជាតិ និងអន្ដរជាតិ ដែលមានទឹកចិត្ដស្រឡាញ់គ្នា និងជួយគ្នា ចុះជួយពលរដ្ឋងាយរងគ្រោះកន្លងមកនេះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ៕