ក្រុមធុរកិច្ចចិនបានយកឈ្នះការដេញថ្លៃសាងសង់ អគារភ្លោះ ១៣៣ ជាន់ កម្ពស់ ៥៦០ ម៉ែត្រ នៅក្នុងរាជធាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា របស់ពិភពលោក ដែលមានតម្លៃប្រមាណជិត ៣ ពាន់លានដុល្លារ ។
អគារភ្លោះនេះនឹងក្លាយជាអគារភ្លោះខ្ពស់បំផុតលើពិភពលោក គឺខ្ពស់ជាងអគារប៉េត្រូណាស ថាវវើរ ក្នុងទីក្រុងគួឡាឡាំពួរ របស់ម៉ាឡេស៊ីទៅទៀត ដែលបច្ចុប្បន្នកំពុងគ្រងតំណែងជាអគារភ្លោះខ្ពស់ជាងគេ មានកម្ពស់ ៤៥១,៩ ម៉ែត្រ ៨៨ ជាន់ ។
វេបសាយឆាយណា ដេលីរបស់ចិន រាយការណ៍ពីទីក្រុងប៉េកាំង នៅថ្ងៃទី ៤ មករា ២០១៧ នេះថា ក្រុមធុរកិច្ចរបស់ចិន ២ ក្រុមហ៊ុន គឺ ស៊ីណូក្រេត វ៉ល អ៊ីនធើណាស្យូណាល់ និង អ៊ូឆាង ឈីបប៊ើលឌីង អ៊ីសដាស្ទ្រី ឈ្នះការដេញថ្លៃលើគម្រោង ២,៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់អគារ ១៣៣ ជាន់ កម្ពស់ ៥៦០ ម៉ែត្រ នៅក្នុងទីក្រុងភ្នំពេញ ហើយនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១៧ នេះ ដោយបញ្ចប់រយៈពេល ៦០ ខែ ។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ស៊ីណូ ក្រេត វ៉ល ជាក្រុមហ៊ុនធំរបស់ស៊ីណូក្រេត វ៉ល អ៊ីនធើណាស្យូណាល់ និយាយថា អគារភ្លោះ ឈ្មោះ ធីប៊ីអារ (ថៃ ប៊ុនរ៉ុង) ទ្វីន ថាវវើរ វើល ថ្រេត សេនធើរ (TBR Twin Tower) នឹងលេចត្រដែតនៅលើដងទន្លេ ក្នុងក្រុងភ្នំពេញ ជាអគារអាជីវកម្ម និង ពាណិជ្ជកម្ម រួមមានទាំងហាងទំនិញ ការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ សាលតាំងពិព័រណ៍ កន្លែងចតរថយន្តក្រោមដីចំនួន ៤ ជាន់ ។ល។
អគារនេះសាងសង់លើទំហំដី ១,៥ លានម៉ែត្រការ៉េ នឹងធ្វើឱ្យអគារភ្លោះថ្មី នៅក្នុងទីក្រុងភ្នពេញនេះ ក្លាយជាមជ្ឈណ្ឌលពាណិជ្ជកម្មពិភពលោក និង ទំហំដ៏ធំបំផុតក្នុងតំបន់អាស៊ី អាគ្នេយ៍ ៕