ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជំរុញកងរាជអាវុធហត្ថបន្តយកចិត្តទុកដាក់ អនុវត្តន៍ឱ្យមានប្រសិទ្ធភាពយុទ្ធនាការទប់ស្កាត់បង្ក្រាបបទល្មើសនានា


ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានធ្វើការក្រើនរម្លឹកដោយ ជំរុញដល់កងអាវុធហត្ថទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចាត់តាំង អនុវត្តន៍ឱ្យមានប្រសិទ្ធភាព នូវយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញដោយ ទ្រង់ទ្រាយធំនោះ។

ការលើកឡើងរបស់ឯកឧត្តមយ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវ អគារសេនាធិការដ្ឋាននិងសមិទ្ធផលនានានៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានតម្លៃជាង៥០ម៉ឺនដុល្លារអាម៉េរិកកាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការដ៏សំខាន់ទាំងអស់នោះរួមមានយុទ្ធនា ការទប់ស្កាត់និងបង្ក្រាប បទល្មើសគ្រឿងញៀនខុសច្បាប់ បទល្មើសធនធានធម្មជាតិ ជលផល បន្តធ្វើការស្រាវជ្រាវ និងបង្ក្រាប បទល្មើសព្រហ្មទណ្ឌ ជាពិសេសបទល្មើសឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ ការចាប់ជំរិត ទារប្រាក់ជាដើម ត្រួតពិនិត្យចរាចរណ៍ បង្ក្រាបការប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយកងទ័ព បំពានច្បាប់។

បន្តប្រឹងប្រែងយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ សង្គមជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមលេង កម្សាន្តសប្បាយរីករាយអបអរសារទរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនិងមកដល់នៅពេលខាងមុខនេះ។

ត្រូវបង្កើនការយកចិត្តទុកដាក់ សហការជាមួយ បណ្តាកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ការពារសន្តិសុខសុវត្ថិភាព ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

ឯកឧត្តមក៏បានរម្លឹកដល់កងរាជអាវុធហត្ថទាំងអស់ត្រូវបន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង ស្មារតីសហការ និងមានទំនាក់ទំនងល្អជាមួយប្រជាជន ពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ។

បន្តហ្វឹកហ្វឺន អប់រំរៀនសូត្រ ពង្រឹងកាយសម្បទា និងលើកកម្ពស់សមត្ថភាពជាប្រចាំយកចិត្តទុកដាក់ ដោះស្រាយគោលនយោបាយលើកទឹកចិត្ត គោលនយោបាយដោះស្រាយការលំបាក និងជួយគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌស្មារតីនៃមហាគ្រួសារកងរាជអាវុធហត្ថ ក្នុងកិច្ចប្រតិបត្តិតួនាទី ភារកិច្ច ត្រូវរក្សាឱ្យបានការគោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប្រកាន់ភ្ជាប់នូវសីលធម៌៕