ឯកឧត្តម លឹម គានហោ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង


ព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន តំណាងអាជ្ញាធរអគ្គីសនី តំណាងអគ្គីសនីកម្ពុជា ព្រមទាំងមន្ត្រីបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីពិនិត្យ និងវាយតម្លៃទៅលើសំណើសុំអភិវឌ្ឍន៍គម្រោងវារីអគ្គីសនី ស្ទឹងមេទឹក ស្ថិតនៅក្នុងខេត្តកោះកុង ។
បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពគ្នាបង្កើតឡើងនូវគណៈកម្មការអន្តរក្រសួងមួយ និងក្រុមការងារបច្ចេកទេសមួយ ដែលមានមាសភាពជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៅលើទិដ្ឋភាពបច្ចេកទេស ទិដ្ឋភាពបរិស្ថាន ទិដ្ឋភាពសេដ្ឋកិច្ច និងច្បាប់ (ខ្សែបន្ទាត់ព្រំដែន) ដែលទិដ្ឋភាពទាំងនេះ គឺជាមូលដ្ឋានទិន្នន័យដ៏រឹងមាំ សម្រាប់ធ្វើការវាយតម្លៃទៅលើការអភិវឌ្ឍគម្រោងវារីអគ្គីសនីខាងលើ ៕