គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅចុងខែវិច្ឆិកានេះ


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធរណការ និងដឹកជញ្ជូន បានចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ពន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីពិនិត្យវឌ្ឍនភាពដែលគ្រោងនឹងបើកករដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ ក្នុងការស្ថាបនាផ្លូវ ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែឱ្យប្រព្រឹត្តទៅដោយរលូន។

លោកទេសរដ្ឋមន្ត្រីបានបន្ដថា ហេដ្ឋារចនាសម្ពន្ធផ្លូវទាំង ៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួន ៦អង្គភាព បែងចែកជាកំណាត់ៗប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ ពេលវេលាតាមការគ្រោងទុក។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើលក្ខណបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ពន្ធផ្លូវទាំង ៣៨ខ្សែនេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាម លក្ខខណ្ឌ តម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។

អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ រួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

ការសាងសង់ផ្លូវទាំង ៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ AC ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០ សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧ សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥ សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្តចុះពិនិត្យ គម្រោងស្ថាបនាផ្លូវជាតិលេខ៦ ចាប់ពីចំណុចព្រះរាជដំណាក់ទៅដល់រង្វង់មូលព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលនឹងស្ថាបនា នាពេលឆាប់ៗខាងមុខនេះ។ គម្រោងស្ថាបនាមានប្រវែង ៦គីឡូម៉ែត្រ ប្រើប្រាស់ពេលវេលាជាង ១ឆ្នាំប៉ុណ្ណោះ។ គម្រោងស្ថាបនាផ្លូវជាតិលេខ ៦នេះ គឺការពង្រីកឱ្យធំទូលាយជាងមុនជាប្រភេទផ្លូវ ៦ គន្លង និងចិញ្ចើមផ្លូវ ៣ម៉ែត្រសង្ខាងទៀត ដោយប្រើប្រាស់ថវិកាកម្ចីពីធគានាអភិវឌ្ឍន៍អាស៊ី (ADB)។

សូមជម្រាបថា ក្រុមការងាររបស់ក្រសួងសាធារណការ បានចុះមកពិនិត្យកន្លែងនេះ ទាក់ទងនឹងការពង្រីកផ្លូវពីព្រះរាជដំណាក់ទៅរង្វង់មូលព្រះជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ ខេត្តសៀមរាបសព្វថ្ងៃ។

ដោយឡែក ចាប់ពីចំណុចរង្វង់មូលជ័យវរ្ម័នទី៧ ទៅកាន់ស្រុកក្រឡាញ់បានធ្វើការអ៊ុតកៅស៊ូប្រភេទ AC រួចរាល់ហើយ ចំណែកឯចាប់ពីស្រុកក្រឡាញ់នៅកាន់ក្រុងសិរីសោភ័ណ ក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចរាល់ហើយដែរ ដើម្បីអ៊ុតប្រភេទកៅស៊ូប្រភេទ AC ដូចគ្នា៕