ឯកឧត្តម គន់ គីម ក្រើនរម្លឹកដល់មន្ដ្រីត្រូវបន្ដរៀបចំវេទិកាសាធារណៈ ដើម្បីឈ្វេងយល់ពីតម្រូវការប្រជាពលរដ្ឋ


ឧត្ដរមានជ័យ៖ កាលពីថ្ងៃ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍​ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តឧត្តរមានជ័យ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ឯកឧត្តម គន់ គីម បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់ និងបញ្ចៀសប្រទេសឱ្យរួចផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរបាន និងរក្សាបានសន្តិភាពនៅទូទាំងប្រទេស ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួបរួមសាមគ្គី ឯកភាពគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចុះទៅដល់មូលដ្ឋានតាមខ្នងផ្ទះ យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលជួបការលំបាកបានទាន់ពេលវេលា។ ឯកឧត្តមក៏បានជំរុញឱ្យក្រុមការងារ និងសមាជិកគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ដូចជា លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តន៍ឱ្យកាន់តែប្រសើរថែមទៀត អំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រួមគ្នាទប់ស្កាត់ការប្រើប្រាស់ជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន និងទប់ស្កាត់បង្ក្រាបរាល់បទល្មើសនាៗដែលកើតមាន។ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយយកអភិក្រមទាំង៥ ធ្វើជាគោល (ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់)។ បន្តបើកវេទិកាសាធារណៈ ចុះតាមខ្នងផ្ទះ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងបន្តរកអ្នកក្រីក្រងាយរងគ្រោះដោយជំងឺកូវីដ-១៩ ធ្វើបច្ចុប្បន្នភាពអ្នកក្រីក្រងាយរងគ្រោះ ។ ត្រូវត្រៀមកម្លាំង និងមធ្យោបាយសម្ភារចូលរួមសង្គ្រោះប្រជាពលដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗកើតទ្បើងជាយថាហេតុ និងបន្ដដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅតាមបណ្ដាស្រុក ។ បន្តសហការជាមួយភាគគីថៃ ឱ្យកាន់ខ្លាំងថែរក្សាសន្តិសុខសណ្តាប់នៅតាមបណ្តោយព្រំដែនឱ្យបានល្អជាប្រចាំ ការឆ្លងដែនត្រូវពិនិត្យធ្វើបច្ចុប្បន្នភាពជំងឺកូវីដ-១៩ ឱ្យបានត្រឹមត្រូវ ៕