កម្ពុជាស្នើសុំឲ្យកាណាដា ពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីន Resurvey


ឆ្លៀតក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Jan Scazighino ភារធារីថ្មីប្រចាំការិយាល័យស្ថានទូតកាណាដានៅកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរមីន ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រ ដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាព ចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធនឹងការប្រើប្រាស់ដី (Resurvey) ដែលការស្រាវជ្រាវឡើងវិញនេះ នឹងនាំឲ្យយើងអាចកាត់បន្ថយការប្រើប្រាស់ថវិកា និងពេលវេលាបានយ៉ាងច្រើន ក្នុងការងារបោសសម្អាតមីន។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យ សកម្មភាពមីន ចាប់តាំងពីឆ្នាំ១៩៩៩។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសារៈសំខាន់ នៃការគាំទ្ររបស់កាណាដា ដែលបានចូលរួមជួយក្នុង ការត្រួតពិនិត្យ ឮនូវស្ថានភាពចម្ការមីន និងការកំណត់នូវអត្តសញ្ញាណផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅទូទាំងប្រទេស នាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិស័យបោសសម្អាតមីន ជាការងារអាទិភាពមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការផ្តល់នូវ សុខដុមក្នុងសង្គម ដែលក្នុងនោះសម្តេចតេជោ តែងតែយកចិត្តទុកដាក់ខ្ពស់ និងចង់ឃើញប្រជាពលរដ្ឋរស់នៅទីជនបទទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព ដូចប្រជាពលរដ្ឋរស់នៅទីក្រុងដែរ។

លោក Jan Scazighino បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការចូលរួមចំណែករបស់ប្រទេសកាណាដា ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការសង្រ្គោះជីវិតមនុស្ស ពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាការឆ្លើយតបនឹងសំណើរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ លោក Jan Scazighino នឹងពិនិត្យពិចារណាគាំទ្រដល់គម្រោង ការចុះស្រាវជ្រាវឡើងវិញនូវចម្ការមីននេះ៕