ដំណឹងល្អ ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ២នាក់បានជាសះស្បើយ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់។

គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានរយៈពេល៧ថ្ងៃជាប់ៗគ្នាហើយ ដែលក្រសួងសុខាភិបាល មិនមានរកឃើញករណីឆ្លងថ្មី ចូលក្នុងសហគមន៍។

អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ទាំង២នាក់ថ្មីនេះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៣នាក់ ក្នុងនោះអ្នកជំងឺ៣៤៧នាក់ បានជាសះស្បើយ និងអ្នកជំងឺចំនួន ១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សម្រាប់អ្នកឆ្លងកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» វិញ បានរកឃើញសរុបចំនួន៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣១នាក់ និង១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕