នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ ឆ្នាំ២០១៦-២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៧-២០១៨ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត លោកឧកញ៉ា លោកថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទក្រសួង ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទូទាំងប្រទេសយ៉ាងច្រើនកុះករ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ថា អង្គសន្និបាតនាពេលនេះប្រព្រឹត្តទៅក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការខ្ពស់និងការផ្សារភ្ជាប់នូវទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ រវាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម គឺជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាចូលរួមពិនិត្យ វិភាគ វាយតម្លៃឲ្យបានស៊ីជម្រៅនិងឆ្លុះបញ្ចាំងឱ្យឃើញនូវសមិទ្ធផល ដែលទទួលបានជោគជ័យក្នុងប្រព័ន្ធផលិតកម្មកសិកម្ម ព្រមទាំងការថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពដោយផ្អែកលើបទពិសោធន៍ ដែលសម្រេចបានក៏ដូចជាមេរៀនល្អៗ ដែលយើងជួបប្រទះកន្លងមកដើម្បីដាក់ចេញវិធានការអនុវត្ត ឆ្លើយតបឱ្យបានស័ក្តិសមបំផុតទៅនឹងបញ្ហា ស្របទៅតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានជោគជ័យ។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គសន្និបាតអំពីសភាពការណ៌វិវឌ្ឍន៍នៃវិស័យកសិកម្ម នៅក្នុងបរិបទនៃការវិវត្តន៍នៃសេដ្ឋកិច្ចពិភពលោក និងប្រទេសជាតិ ព្រមទាំងលទ្ធផលធំៗនៃផលិតកម្មកសិកម្ម សុខភាពនិងផលិតកម្មសត្វ កៅស៊ូ ហើយនិងលទ្ធផលនៃកំណែទម្រង់ព្រៃឈើ និងជលផល នារដូវកាលឆ្នាំ២០១៦។ ក្នុងនោះ ផលិតកម្មស្រូវសម្រេចបាន ៩,៩៥ លានតោន (ឆ្នាំ២០១៥ ទទួលបាន ៩,២៩លានតោន) ដែលមានអតិរេក ៥,១១លានតោន (កើន១០ភាគរយ ធៀបឆ្នាំ២០១៥) ដំណាំរួមផ្សំនិងឧស្សាហកម្មសម្រេចបាន ១៦,៨៨លានតោន (លើសឆ្នាំមុន ៤,៥ភាគរយ) ផ្ទៃដីដាំកៅស៊ូមាន ៤៣២ ៧៣៥ហ.ត (កើន១១,២៥ភាគរយ) និងផលិតកម្មសត្វសម្រេចបាន៤២,១៨លានក្បាល (៤០,៧លានក្បាល ក្នុងឆ្នាំ២០១៥) ជាដើម។ ចំពោះកំណែទម្រង់ក្នុងអនុវិស័យព្រៃឈើ និងផលផលក៏សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយឡែក ការនាំចេញផលិតផលកសិកម្មសរុប សម្រេចបាន ៤,៧លានតោន (៤,១៥លានតោន ក្នុងឆ្នាំ២០១៥) ក្នុងនោះ ការនាំចេញអង្ករតាមយន្តការច្រកចេញចូលតែមួយ សម្រេចបាន ៥៤២ ១៤៤តោន និងការនាំចេញកៅស៊ូ ១៤៥ ១០០តោន (១៣,៣២ភាគរយ ក្នុងឆ្នាំ២០១៥)។
ដោយរំលេចជូនអង្គសន្និបាតអំពីបញ្ហាប្រឈមដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានលើវិស័យកសិកម្ម ជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុនិងសមត្ថភាពបន្ស៊ាំ ការគ្រប់គ្រងដីកសិកម្ម វិសាលភាពនៃប្រព័ន្ធស្រោចស្រព តម្លៃនិងទីផ្សារកសិផល បទល្មើសព្រៃឈើ ជលផល ការលួចនាំចូលសត្វ និងសម្ភារៈកសិកម្ម ការកាប់រានយកដីព្រៃឈើដោយខុសច្បាប់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានផ្តល់ជូនអង្គសន្និបាតនូវអនុសាសន៍ជាចំនុចគន្លឹះ និងគោលនយោបាយអាទិភាពមួយចំនួន ដើម្បីរួមចំណែកជាធាតុចូលសម្រាប់កិច្ចពិភាក្សានៃអង្គសន្និបាត ផងដែរ។
*សូមរកអានសុន្ទរកថារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងរូបភាពខាងក្រោម។