ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយ ក្រសួងទេសចរណ៍បានសម្រេចដាក់ឲ្យមានការលក់ប័ណ្ណចូលទស្សនាតំបន់ អង្គរតាមប្រព័ន្ធ Online ដោយអាចទូទាត់បានតាមរយៈ Credit Card។
ការសម្រេចជាគោលការណ៍នេះ ត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី១ លើកទី៥ នាព្រឹកថ្ងៃទី៥ ខែមេសានេះ ក្រោមអធិបតីភាព ឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ រួមជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅឯទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបានបញ្ជាក់ថា «ក្នុងការបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាលក់ប័ណ្ណឲ្យកាន់តែប្រសើរឡើងថែមទៀត អង្គប្រជុំក៏បានសម្រេចឲ្យគ្រឹះស្ថានអង្គរ រៀបចំអភិវឌ្ឍការលក់ប័ណ្ណតាមប្រព័ន្ធ Online និង ទូទាត់តាមរយៈ Credit Card»។
លើសពីនេះទៀត អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ ដល់គ្រឹះស្ថានអង្គរក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យា ថ្មី ដើម្បីសម្រួលដល់ការគ្រប់គ្រង ប្រតិបត្តិការលក់ប័ណ្ណ ជាពិសេសការគ្រប់គ្រងចំណូល ការគ្រប់គ្រងការបោះពុម្ពប័ណ្ណ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធព័ត៌មានវិទ្យាថ្មីនេះនឹងមានភាពងាយស្រួល ដល់ការធ្វើសវនកម្ម ដើម្បីធានាបាននូវគណនេយ្យភាព និង តម្លាភាពនៃការគ្រប់គ្រងការលក់ប័ណ្ណ៕