អភិបាលខេត្ត​រតនគិរី នាំ​អំណោយ​ចែកជូន​គ្រួសារ​ក្រីក្រ​នៅ​ស្រុក​អណ្តូង​មាស​


​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែលជា​ជន​ងាយ​រងគ្រោះ ជា​ជន​ចាស់ជរា ជនពិការ​មានការ​ខ្វះខាត នៅ​រលៀ​ល​ថ្ងៃ​១៤​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី រួមទាំង​ឯកឧត្តម លោកជំទាវ​អនុប្រធាន សមាជិក សមាជិកា អនុសាខា​ស្រុក និង​សហការី បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ជន​ងាយ​រងគ្រោះ ចាស់ជរា ជនពិការ និង​គ្រួសារ​ក្រីក្រ​ចំនួន ២២៣​គ្រួសារ​មកពី​ឃុំ​ទាំង​៣​របស់​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រពល​រដ្ឋ​ដែល​មក​ទទួល​អំណោយ​នៅ​ទីតាំង​៣​កន្លែង​ខាងលើ ឯកឧត្តម ថង សាវុន បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់វណ្ណៈ​ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ឯកឧត្តម​បាន​បន្តថា អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​ពុក​ម៉ែ បងប្អូន​នាពេលនេះ ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ពុក​ម៉ែ​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​ឡើយ ពោលគឺ​” ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​ចុះជួយ​ជានិច្ច​”​។​
​សូមបញ្ជាក់ថា អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តរតនគិរី ផ្តល់ជូន​ជន​ងាយ​រងគ្រោះ​ជា​ជន​ចាស់ជរា ជនពិការ និង​គ្រួសារ​ក្រីក្រ​ទាំង ២២៣​គ្រួសារ នាពេលនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ២៥​គីឡូ ត្រីខ ១​យួរ និង​មី​១​កេស​ផងដែរ​។ ក្នុងឱកាស​នេះ​ឯកឧត្តម​បានប្រគល់​ជែ​ល​សម្រាប់​លាងដៃ និង​ម៉ាស​ជូន​យុវជន​ស​.​ស​.​យ​.​ក​ស្រុក និង អាជ្ញាធរ​ស្រុក​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ផងដែរ​៕ ដោយ ណ​យ នឿន (​ប្រភព​:​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​