ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា IPU នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមសវនាការប្រចាំឆ្នាំរបស់សភានៅអង្គការសហប្រជាជាតិឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។
សមាសភាពគណៈប្រតិភូសភាកម្ពុជាចូលរួមក្នុងសវនាការប្រចាំឆ្នាំរបស់សភានៅអង្គការសហប្រជាជាតិឆ្នាំ២០២១នេះ មាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាសមាជិកGOPAC ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ឯកឧត្តម ចេវ គឹមហេង លេខាធិការគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា ឯកឧត្តម ទី សុគន្ធ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ឯកឧត្តម យឹម លាត សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាសមាជិកGOPAC រួមជាមួយមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភា។
សវនាការប្រចាំឆ្នាំរបស់សភានៅអង្គការសហប្រជាជាតិឆ្នាំ២០២១ រៀបចំឡើងក្រោមប្រធានបទ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីស្ដារឡើងវិញនូវទំនុកចិត្តលើរដ្ឋាភិបាល និងធ្វើឲ្យប្រសើរឡើងវិញនូវទស្សនវិស័យនៃការអភិវឌ្ឍន៍ ។ សវនាការនេះបានដំណើការរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងកម្មវិធីសវនាការទាំងពីរថ្ងៃ វាគ្មិននិងអ្នកចូលរួមបានធ្វើការពិភាក្សាគ្នាអំពីអំពើពុករលួយដែលបានធ្វើឲ្យធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍ ដែលចាំបាច់ត្រូវមានការចូលរួមពីសភា។ ការលើកឡើងពីអនុសញ្ញាស្ដីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ៖ បង្កើតឲ្យមានការរាំងខ្ទប់ និងការប្រកួតប្រជែង។ ការធ្វើបទបង្ហាញអំពីសំណើដើម្បីបង្កើតតុលាការអន្តរជាតិប្រឆាំងអំពើពុករលួយ ឬយន្តការផ្សេងទៀតដើម្បីកាត់ទោសមេដឹកនាំពុករលួយដែលគេចចេញពីភាពយុត្តិធម៌នៅក្នុងប្រទេសរបស់ពួកគេ។ គោលនយោបាយប្រឆាំងអំពើពុករលួយដែលជាចំណុចរសើបដល់បញ្ហាយេនឌ័រ និងការលើកឡើងពីវិធានការសំខាន់ៗក្នុងការប្រឆាំងអំពើពុករលួយជាដើម។
សូមជម្រាបថា កម្ពុជាក៏បានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនេះដែរមានដូចជា កម្ពុជាគឺ៖
-ជាសមាជិកនៃ ADB/OECD Anti-Corruption Initiatives សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកតាំងពីឆ្នាំ២០០៣។
-ជារដ្ឋភាគីនៃសន្ធិសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) តាំងពីឆ្នាំ២០០៧។
-ជាភាគីមួយក្នុងចំណោមរដ្ឋភាគីតំបន់អាស៊ីអាគ្នេយ៍ប្រឆាំងអំពើពុករលួយ(SEPAC) តាំងពីឆ្នាំ២០០៧៕












