សម្តេចតេជោ ហ៊ុន សែន៖ កុំខ្វល់វ៉ាក់សាំងមកពីប្រទេសណា តែត្រូវខ្វល់ថា ទិញវ៉ាក់សាំងដោយវិធីណា ខណៈពិភពលោកកំពុងខ្វះ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានជូនសារថា កុំខ្វល់រឿងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកពីប្រទេសណា តែត្រូវខ្វល់ថា ទិញវ៉ាក់សាំងដោយវិធីណា ខណៈពិភពលោកកំពុងខ្វះវ៉ាក់សាំងនេះ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចាក់វ៉ាក់សាំង Astra Zeneca ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវនេះ កុំខ្វល់ថាវ៉ាក់សាំងណា ត្រូវខ្វល់ថា មានវ៉ាក់សាំងចាក់ ឬអត់ លើការជាក់ស្តែង កូវ៉ាក់ (COVAX Facility) អត់ទាន់មានលទ្ធភាពឱ្យគ្រប់ប្រទេស…! បើខ្ញុំមិនច្រឡំប្រទេសដែលខ្ញុំធ្លាប់ទៅទស្សនកិច្ច បានទទួលវ៉ាក់សាំងពីកូវ៉ាក់ រួមមានប្រទេសហ្គាណា…!»។

ជុំវិញចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់នយោបាយរិះគន់ថា កម្ពុជាទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិនថាគ្មានប្រសិទ្ធភាពនោះ អត់វ៉ាក់សាំងចាក់ទៅចុះ ព្រោះកម្ពុជាកំពុងតែខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋជាដើម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើគេគ្មានជំនឿទៅហើយ យើងចាំបាច់បង្ខំគេឱ្យចាក់វ៉ាក់សាំងធ្វើអី ក្នុងពេលដែលយើងកំពុងតែខ្វះវ៉ាក់សាំង ចេះតែនិយាយ អញ្ចឹង រុញទូកបណ្តោយទឹកទៅ»

សម្តេចតេជោ ហ៊ុន សែន ក៏ទាយទុកជាមុនថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ខ្វះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋច្បាស់ណាស់ក្រុមទាំងនោះនឹងនាំគ្នាមកដាក់ការទាមទារដល់រដ្ឋាភិបាលថា គ្មានសមត្ថភាពរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋជាក់ជាមិនខាន ខណៈដែលក្រុមអ្នកនយោបាយគ្មានសីលធម៌ទាំងនេះ នាំគ្នារិះគន់ពេលកម្ពុជាទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ចិន ស៊ីណូហ្វាម នេះគឺជាក្បួនប្រឆាំងរបស់អ្នកនយោបាយអស់នោះមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចផ្ទាល់តែម្តង។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រសិទ្ធភាពរបស់វ៉ាក់សាំងណា ក៏ដូចវ៉ាក់សាំងណាដែល ខណៈប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ បានទទួលវ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន ដើម្បីចាក់ជូនប្រពលរដ្ឋរបស់ពួកគេជាដើម។ ត្រង់ចំណុចនេះ សម្តេចក៏បានចោទជាសំណួរថា បើចង់សម្លាប់មនុស្ស គេមិនធ្វើវ៉ាក់សាំង អស់លុយជាច្រើនធ្វើអី នៅលើសកលលោកនេះវាមិនដែលមានចំពោះករណីនេះ? ប៉ុន្តែនេះមកពីនយោបាយប្រឆាំងចិន នៅកម្ពុជា គឺផ្គាប់មុខ ក្នុងពេលប្រទេសចិន មិនដែលប្រឆាំងប្រទេសណាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់បូករួមទាំងរបស់ចិន អង់គ្លេស អាមេរិក ឱ្យតែរដ្ឋាភិបាលប្រទេសទាំងនោះប្រគល់ឱ្យកម្ពុជា ក្នុងដំណាក់កាលសមស្របណាមួយ។

គួរជម្រាបថា គិតមកដល់ត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានចាក់លើកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលសរុបប្រមាណ១២៥,៦៦៨នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈអ្នកចាក់លើកទី២ បានចំនួន ៧៦៨៦នាក់ បន្ទាប់ពីបានជំនួយ៦០ម៉ឺនដូស ពីប្រទេសចិននូវវ៉ាក់សាំង Sinopharm ហើយកាលយប់ ពីថ្ងៃទី២ ខែមីនា កម្ពុជា បាន វ៉ាក់សាំង AstraZeneca ៣២,៤០០០ដូស តាមរយៈយន្តការ COVAX។ នៅមុនចូលឆ្នាំខ្មែរ កម្ពុជានឹងទទួលបាន ៤០ម៉ឺនដូសបន្ថែមទៀតពីរដ្ឋាភិបាលចិន៕