សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តីវៀតណាម


នៅថ្ងៃទី ២៥ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម នៅវិមានសន្តិភាព។
លោក ង្វៀង សួនហ្វ៊ុក បានចាត់ទុកទស្សនកិច្ចនេះជាការរឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ដែលមានរយៈពេល៥០ឆ្នាំមកហើយ ហើយដែលត្រូវបន្តផ្លាស់ប្តូរទស្សនកិច្ចក្នុងកម្រិតរប្រមុខថ្នាក់ដឹក នាំនៃប្រទេសទាំងពីរជាបន្តទៀត។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានអបអរសាទរ និងកោតសរសើរដល់ការីកចម្រើនរបស់កម្ពុជា រួមមានកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម សន្តិភាព និងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។
ពាក់ព័ន្ធការងារព្រំដែន រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា ដោយអនុញ្ញាតឱ្យគណៈកម្មការព្រំដែន បន្តធ្វើការជាមួយគ្នា ក្នុងនោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តកសាងស្ពាននៅតំបន់ផ្សេងទៀត ដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងសង្ខាង។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានផ្តល់ថវិកា២លានដុល្លាសម្រាប់សាងសង់ផ្សារដា នៅខេត្តត្បូងឃ្មុំដែលជាផ្សារមួយដ៏សំខាន់សម្រាប់បងប្អូន ប្រជាពលរដ្ឋរកស៊ីតាមព្រំដែន ដែលនឹងចាប់កសាងនៅពេលដ៏ខ្លីខាងមុខនេះ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានសរសើរពីការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាម និងទំហំពាណិជ្ជកម្មដែលវៀតណាមដែលបាននាំចេញ។ សេដ្ឋកិច្ចវៀតណាមរីកលូតលាស់ពេលនេះ ក៏បានរួមចំណែកជួយដល់កម្ពុជាផងដែរ តាមរយៈក្រុមហ៊ុនវៀតណាមមួយចំនួនដែលបានមកបណ្តាក់ទុននៅកម្ពុជា។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្តេជ្ញាបន្តជំរុញឱ្យទំហំសេដ្ឋកិច្ចបានកើនឡើងដល់៥ពាន់លានដុល្លារអាមេរិកនៅពេលខាងមុខ។ សម្តេចតេជោ បានជំរុញឱ្យនាយករដ្ឋមន្ត្រីវៀតណាមធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មតាមព្រំដែនមានភាពរលូនដើម្បីឱ្យប្រជាជនដែលកំពុងរកស៊ីទទួលទានតាមព្រំដែន កាន់តែងាយស្រួល។ សម្តេចតេជោ បន្តខិតខំកសាងធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសុខសន្តិភាព និងរីកចម្រើនក្នុងនាមជាប្រទេសភូមិផងរបងជាមួយ។ ចំពោះវិស័យទេសចរណ៍ សម្តេចក៏បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍និងអ្នកវិនិយោគវៀតណាមបន្តមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា ខណៈដែលភ្ញៀវទេសចរណ៍វៀតណាមមកកម្ពុជា ក្នុង១ឆ្នាំជាង១លាននាក់។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលវៀតណាម ដែលកន្លងមក បានផ្តល់អាហារូបករណ៍មួយចំនួនដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសវៀតណាមផងដែរ ។
ក្រោយពីបានបានបញ្ចប់កិច្ចប្រជុំផ្លូវការហើយ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ចំនួន៤ រួមមានៈ
១)-អនុស្សារណៈនៃការយោគយល់គ្នាអំពីការសិក្សារួមស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមីញ-ម៉ក់បៃ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ទ្រឿង ក្វាងង្វៀង រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ។
២)-អនុស្សារណៈនៃការយោគយល់គ្នាស្តីអំពី គម្រោងសាងសង់មជ្ឍមណ្ឌលផ្តល់សេវាដោយស្ម័គ្រចិត្ត និងផ្នែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ង្វៀង ជុងដាម អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងកិច្ចការសង្គម និង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកម្ពុជា ។
៣)-អនុស្សារណៈ បន្តសុពលភាពនៃអនុស្សារណៈ កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជលផល ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឡេ គួកហ្សួ័ញ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ។
៤)-អនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការគាំទ្រការសាងសង់ មហាវិថីមិត្តភាព ភ្នំពេញ ហាណូយ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ងូ វ៉ាន់ហ្វី អនុប្រធានគណៈកម្មាធិការប្រជាជន រដ្ឋហាណូយ និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
បន្ទាប់ពីកិច្ចប្រជុំផ្លុវការ និងពិធីចុះហត្ថលេខាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ឋបណ្ឌិត នឹងផ្តល់កិត្តិយសរៀបចំពិធីលៀងសាយភោជន៍ជូនដល់ លោកនាយករដ្ឋមន្រ្តីវៀតណាម និងលោក ជំទាវ ព្រមទាំងគណៈប្រតិភូវៀតណាម នៅវិមានសន្តិភាពល្ងាចនេះ៕