សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងគាំទ្ររាជរដ្ឋាភិបាល កម្ពុជាក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធជាតិរួមទាំងផ្លូវថ្នល់ និងស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចបានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងនូវ ហេដ្ឋារចនា សម្ព័ន្ធ គមនាគមន៍ជាបន្តបន្ទាប់ទៀតដើម្បីបង្ក លក្ខណៈងាយស្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅ កំណាត់ផ្លូវជាតិលេខ១ ដែលនៅសល់ ប្រវែង០៤គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់ម្តុំវត្តក្តីតាកុយ ក្នុងខ័ណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។
គំរោងនៃការស្ថាបនាកំណាត់ផ្លូវនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលគាំទ្រ ក្នុងការស្ថាបនាផ្លូវនេះ បន្ទាប់ពីបានជួយទាំងផ្លូវជាតិលេខ១ រហូតដល់ស្ពានអ្នកលឿង ។
តាមរយៈដៃគូអភិវឌ្ឍន៍ សមិទ្ធផលនិងគម្រោងផ្លូវដែលមានស្រាប់ គឺកំពុងពង្រីកតភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើន ដែល ផ្តល់ នូវភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអោយកាន់តែរីកលូតលាស់ ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋបើកបរលើផ្លូវដែលកំពុងសាងសង់នេះ គោរព ច្បាប់ចរាចរ និងយោគយល់ អធ្យាស្រ័យដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាតិ
