ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភាខាងមុខនេះ


ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដំណើរការសាងសង់ស្ពានអណ្តែតទឹកបានរួចរាល់ស្ទើរទាំងស្រុងហើយ នៅសល់តែការសម្អាត និងការត្រួតពិនិត្យបន្ថែមប៉ុណ្ណោះ។ ស្ពានអណ្តែតទឹកនេះមានសមត្ថភាពគ្រប់គ្រាន់ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រោះវាអាចទ្រទ្រង់ទម្ងន់ដល់ទៅជាង៤០០តោនក្នុងពេលតែមួយបាន។ លើសពីនេះ នៅពេលស្ពាននេះដំណើរការ នឹងមានពោងសុវត្ថិភាព ដោយមានភ្នាក់ងារទេសចរណ៍នៅយាម សងខាងស្ពានជាប្រចាំផងដែរ។
ឯកឧត្តមបញ្ជាក់ថា ការសាងសង់ស្ពានអណ្តែតទឹកជំនួសស្ពានហាលមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីសម្រួលដល់ដំណើរការជួសជុល និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលដែលស្ពានហាលនេះកំពុងជួសជុលដោយកិច្ចសហការនៃអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។ តាមគម្រោងស្ពានហាលនេះនឹងត្រូវបិទបណ្តោះអាសន្នរហូតដល់ការជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ឡើងវិញ។
សូមបញ្ជាក់ថា គិតចាប់ពីទសវត្សឆ្នាំ១៩៥០មក ស្ពានហាលមុខប្រាសាទអង្គរវត្តត្រូវបានជួសជុលឡើងវិញ៣ដំណាក់កាលហើយ។ ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៣ ជួសជុលដោយប្រទេសបារាំងតាមរយៈសាលាបារាំងចុងបូព៌ា EFEO នៅចំហៀងខាងជើងផ្នែកខាងកើត និងខាងដើមទសវត្សទី៦០ នៅពាក់កណ្តាលផ្នែកខាងត្បូងទាំងស្រុង។ ដំណាក់កាលទី២ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងជំហានទី១។
ដំណាក់កាលទី៣ គឺអាជ្ញាធរជាតិអប្សរាសហការនឹងសាកលវិទ្យាល័យសូហ្វីយ៉ា បន្តជំហានទី២ ជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ ដែលបានបើកឲ្យដំណើរការជាផ្លូវការតាំងពីខែឧសភា ឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕