ឧត្តមបណ្ឌិត ថោង ខុន អញ្ជើញចូលរួមពិព័រណ៍កម្ពុជា ២០១៧សហការរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន


ដើម្បីបង្កើនការផ្សព្វផ្សាយសក្ដានុពលនៃវិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារជប៉ុន ដែលជាទីផ្សារអទិភាពដ៏សំខាន់មួយសម្រាប់កម្ពុជា គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានអញ្ជើញចូលរួមពិព័រណ៍កម្ពុជា ២០១៧ (Cambodia Festival 2017) សហការរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌វិចិត្រសិល្បះ ក្រសួងពាណិជ្ជកម្ម សមាគមខ្មែរនៅប្រទេសជប៉ុន សមាគមនិស្សិត និងមិត្តជប៉ុន នៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០១៧។
​គោលបំណងក្នុងការរៀបចំពិព័រណ៍ គឺដើម្បីបង្ហាញដល់ប្រជាជនជប៉ុន និងភ្ញៀវទេសចរ បានយល់ដឹងអំពី វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីរបស់កម្ពុជាតាមរយៈការទស្សនាសិល្បៈ របាំប្រពៃណី ចំរៀង ពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារខ្មែរ។ ពិព័រណ៍កម្ពុជា មានការអញ្ជើញចូលរួមពីភ្ញៀវកតិ្តយសជប៉ុនរួមមានឯកឧត្តម Hisayuki FUJII អនុរដ្ឋមន្រ្ដីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ​ និង ឯកឧត្តម Kenji Kitahashiអភិបាលក្រុង Kitakyushu។
​ថ្លែងក្នុងពិធីបើកពិព័រណ៍កម្ពុជា ឆ្នាំ២០១៧ “Cambodia Festival 2017″ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍មានប្រសាសន៍ថាៈ ព្រឹត្តិការណ៍វប្បធម៌ដ៏ផ្តិតអារម្មណ៍និងមានសារៈសំខាន់នេះជាការបន្តពង្រឹង​មិត្តភាព ​និងទំនាក់​ទំនងកម្ពុជា-ជប៉ុនឲ្យកាន់តែ​រឹង​មាំថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ដែលបានធ្វើការហោះហើរត្រង់រវាង ទីក្រុងតូក្យូ និងទីក្រុងភ្នំពេញបានបន្តជំរុញលំហូរទេសចរណ៍ និងពង្រីកការតភ្ជាប់ ការប្រាស្រ័យទាក់ទងរវាងប្រជាជនទាំងពីរ។ ក្នងក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៏កម្ពុជា ជាគោលដៅទេសចរណ៍បែតង និង ស្អាត រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអភិវឌ្ឍទេសចរណ៍វប្បធម៌ ធម្មជាតិ ប្រកបដោយភាពទាក់ទាញ និងប្រកបដោយនិរន្ដភាព ជាមួយការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី និងការធ្វើឲ្យប្រសើរឡើងគុណភាពសេវាកម្មទេសចរណ៍ដើម្បីស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវទេសចរជប៉ុនមក ទស្សនា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។
​លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានថ្លែងអំណរគុណចំពោះភ្ញៀវអញ្ជើញចូលរួមពិព័រណ៍កម្ពុជា ដែលមានការសម្ដែងសិល្បៈ របាំ ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ និងក៏មានការសម្ដែងរបាំវាយស្គរដោយក្រុម KOKURA TAIKO ទីក្រុង Kitakyushuផង។ ស្ដង់ពិព័រណ៍ចំនួន ៨០ បានដាក់តាំងបង្ហាញផលិតផល និងម្ហូបអាហារខ្មែរ ដែលភាគច្រើនរៀបចំឡើងដោយសហគមន៏ខ្មែរនៅជប៉ុន ដែលសកម្មភាពព្រឹត្តិការណ៍វប្បធម៌ទាំងនេះបានឆ្លើយតបនិងកាជំរុញកំណើនទេសចរមកកម្ពុជា។
​ឯកឧត្តម Hisayuki FUJII អនុរដ្ឋមន្រ្ដីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានបញ្ជាក់ក្នុងពិធីបើកពិព័រណ៍ថាៈ តាមរយៈសន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា Cambodia Tourism Roadshowកាលពីថ្ងៃទី០១ ខែឧសភា មុននេះ និងពិព័រណ៍កម្ពុជាថ្ងៃនេះ ពិតជាការបន្តរិតចំណងទំនាក់ទំនងឲ្យកាន់តែរឹងមាំ រវាងប្រជាជនជប៉ុន-កម្ពុជា និងចំពោះឧស្សាហកម្មទេសចរណ៍បានធ្វើឲ្យប្រជាជនជប៉ុនស្គាល់តែច្បាស់អំពីប្រាសាទអង្គរវត្ត សម្រស់ធម្មជាតិកម្ពុជា ក៏ដូចជាប្រពៃណីវប្បធម៌ល្អប្រពៃ និងម្ហូបអាហារខ្មែរដែលមានរសជាតិដ៏ឆ្ងាញ់។ ប្រទេសជប៉ុនបានទទួលទេសចរអន្តរជាតិចំនួនជាង ២៤លាននាក់ កាលពីឆ្នាំ២០១៦ និងមានគោលបំណងទាក់ទាញទេសចរឲ្យបាន ៤០លាននាក់ នៅឆ្នាំ២០២០។ ការតភ្ជាប់ផ្លូវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានផ្ដល់ឱកាសឲ្យប្រជាជនកម្ពូជា-ជប៉ុនទទួលបទពិសោធន៍អំពីការធ្វើដំណើរទៅមករវាងប្រទេសទាំងពី។
​​ ឯកឧត្តម Kenji Kitahashi អភិបាលក្រុង Kitakyushu ដែលជាទីក្រុងមានសម្ព័ន្ធភាពជាមួយទីក្រុងភ្នំពេញ និងដែលជាទីក្រុងបានខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការណ៍នៃគំរោងទឹកស្អាតតាំងពីឆ្នាំ១៩៩៩មក បានចូលរួមក្នុងពីធីបើកពិព័រណ៍ដោយបានពាំនាំមកនូវរបាំប្រពៃណីវាយស្គររបស់ក្រុម KOKURA TAIKO ទីក្រុង Kitakyushu មកសម្ដែងនៅព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ព្រមទាំងមានប្រសាសន៍ថា ទីក្រុង Kitakyushu ពិតជាមានចំណាប់អារម្មណ៍ និងទទួលបានការផ្លាស់ប្ដូរវប្បធម៌មួយដែលគួរជាទីមោទនៈ។
​ឯកឧត្តម Hiranukma Takeo ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា បានផ្ញើសារអបអរសាទរនាឱកាសពិព័រណ៍កម្ពុជាឆ្នាំ២០១៧ ដែលបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករនៅឧទ្យាន Yoyogi ។ ឯកឧត្តមក៏សង្ឃឹមផងដែរថា ពិព័រណ៍កម្ពុជា ជាឱកាសឲ្យប្រជាជនជប៉ុនទទួលបទពិសោធន៍ និងស្គាល់ពីអរីយធម៌បេតិកភ័ណ្ឌ និងសិល្បៈប្រពីណីដ៏ផូផង់របស់ខ្មែរ។
ឯឧ ថោង ខុន ក៏បានសំដែងនូវសេចក្តីរំភើបសប្បាយរីករាយ ឥតឧបមា ដោយបានឃើញពិពណ៌នេះទទួលបានជោគជ៏យ មានការចូលរួមរបដ់មនុស្សរាប់មុីននាក់ ពិសសបានឃើញបងប្អូនខ្មែរយើងដែលរស់នៅបរទេស ចេះសហការសាមគ្គី ស្រឡាញ់គ្នា រក្សាបាននូវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ចេះធ្វើម្ហបខ្មែរដ៏ឆ្ងាញ់ពិសារនិង ផលិតផលសិប្បកម្ម មកដាក់តាំងលក់ ហើយដែលមានការពេញចិត្ត ចូលចិត្តពីប្រជាជនជប៉ុន។
អរគណចំពោះតារាងចំរៀង ល្បី លោក ព្រាប សុវត្ថិ អ្នកនាងកែវពេជ ចិន្តា និង សកម្មភាពចូលរួមដោយស្មគ្រចិត្តរបស់ក្រុមទូរទស្សន៏ CNC។
​គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥លាននាក់​ កើនឡើង៥% ក្នុងនោះទេសចរជប៉ុនមានចំនួនជិត ២០ម៉ឺននាក់ជាមួយគ្នានេះផងដែរ ទេសចរកម្ពុជាបានធ្វើដំណើទៅប្រទេស​​​​​ ជប៉ុនចំនួនជាង ១២,០០០នាក់។ ក្នុងរយៈពេល០២ខែ​ដើម​ឆ្នាំ ២០១៧ កម្ពុជាទទួលបានទេសចរ​អន្តរជាតិ​​ចំនួន ១,៣ ​លាននាក់ ក្នុង​នោះ​ទេសចរជប៉ុនមកទស្សនាកម្ពុជា​មាន​ចំនួន​ជាង ៤ម៉ឺននាក់ កើនឡើង​១៤,១%​។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ៧លាន នាក់ ដោយក្នុងនោះក៏រំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៣៥ម៉ឺន នាក់ផងដែរ។