ទ្វារទឹកជុំវិញកសិន្ធុប្រាសាទចៅស្រីវិបុលផ្តល់អត្ថប្រយោជន៍ទាំងការងារអភិរក្ស និងសហគមន៍


ឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាបានសហការជាមួយប្រទេសញូវហ្សេឡែន តាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរហៅកាត់ថា​ACHA បានកសាងទ្វារគ្រប់គ្រងទឹកចេញចូលកសិន្ធុនៃប្រាសាទចៅស្រីវិបុល តាំងពីចុងឆ្នាំ២០១៦មក ហើយគ្រោងនឹងបញ្ចប់នៅចុងខែឧសភានេះ។
ទ្វារទឹកនេះត្រូវបានសាងសង់ឡើង៤ទីតាំងជុំវិញប្រាសាទចៅស្រីវិបុល គឺទ្វារខាងជើងមានតួនាទីបញ្ចូលទឹកក្នុងកសិន្ធុ ទ្វារខាងកើតសម្រាប់បញ្ចេញ និងបញ្ចូលទឹក ទ្វារខាងត្បូងសម្រាប់បញ្ចេញទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងទ្វារខាងលិចមានតួនាទីភ្ជាប់ប្រព័ន្ធទឹកជុំវិញកសិន្ធុ។
ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក មានប្រសាសន៍កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ថា ទ្វារទឹកទាំង៤នេះពិតជាផ្តល់អត្ថប្រយោជន៍ច្រើន ទាំងផ្នកការងារអភិរក្ស និងអត្ថប្រយោជន៍ដល់សហគមន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញប្រាសាទចៅស្រីវិបុល។
អត្ថប្រយោជន៍ចំពោះការងារអភិរក្ស គឺដោយសារតែទ្វារទឹកនេះនឹងជួយប្រមូលទឹកពីតំបន់ផ្សេងៗមកបំពេញក្នុងកសិន្ធុនៃប្រាសាទចៅស្រីវិបុល ស្របនឹងអត្ថន័យដើមនៃកសិន្ធុដែលតែងមានទឹកជុំវិញប្រាសាទ ជានិមិត្តរូបនៃជំនឿខ្មែរក្នុងការប្រដូចប្រាសាទទៅនឹងភ្នំព្រះសុមេរុ ព័ទ្ធជុំវិញដោយមហាសមុទ្រ។
ចំពោះអត្ថប្រយោជន៍សម្រាប់សហគមន៍វិញ គឺទ្វារទឹកទាំង៤នេះនឹងមានតួនាទីសំខាន់សម្រាប់រំដោះទឹកកុំឲ្យមានជំនន់ រក្សាទឹកក្នុងកសិន្ធុ និងបង្ហូរចេញទៅស្រោចស្រពស្រូវ ដំណាំរបស់ប្រជាពលរដ្ឋបានតាមតម្រូវការ ដែលតាមការប៉ាន់ប្រមាណនឹងមានប្រជាពលរដ្ឋជាង៤០០គ្រួសារនឹងទទួលបានទឹកស្រោចស្រពពីកសិន្ធុនេះ។
អ្នកស្រី ហ៊ឹប ស៊ាន សមាជិកក្រុមប្រឹក្សាឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង បានបង្ហាញអារម្មណ៍រីករាយដែលទទួលបានសំណង់ទ្វារទឹកពីអាជ្ញាធរជាតិអប្សរា។ អ្នកស្រីបញ្ជាក់ថា សំណង់ទ្វារទឹកនេះនឹងជួយឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារអាចធ្វើស្រែ និងដាំដំណាំបន្លែលក់ដូរពង្រឹងសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយចំណាកស្រុក។ ជាពិសេស អ្នកស្រីសង្ឃឹមថា នៅពេលមានទឹកពេញកសិន្ធុ គួបផ្សំនឹងធម្មជាតិជុំវិញស្អាតស្រាប់ផងនោះ នឹងនាំឲ្យភ្ញៀវទេសចរមកកម្សាន្តច្រើន ហើយប្រជាពលរដ្ឋអាចលក់ដូរបានចំណូលបន្ថែមទៀតជាមិនខាន៕