លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន បានអនុញ្ញតិឲ្យលោកជំទាវ ស៊ិន យូយូ (Shen Yue yue) អនុប្រធានគណកម្មការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន និងជាប្រធាននៃសហព័ន្ធនារីចិនទូទាំងប្រទេស ដឹកនាំគណប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនៈកិច្ចចំពោះលោកជំទាវប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រ កម្ពុជានាពេលនេះ។
នៅក្នុងជំនួបនោះដែរ លោកជំទាវ ស៊ិន យូយូ (Shen Yue yue) បានមានប្រសាសន៍ គោះរំលេចអំពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន មានការរីកចំរើនយ៉ាងខ្លាំង និងបានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃប្រទេសកម្ពុជា រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិផងដែរ កម្ពុជាជាប្រទេសមានសក្តានុពលយ៉ាងខ្ពស់ក្នុងការឲ្យវិនិយោគចូលមកបណ្តាក់ទុន លទ្ធផលដ៏ល្អប្រសើរនេះ គឺកើតឡើងដោយសារដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ។ ក្នុងនោះផងដែរលោកជំទាវក៏បានថ្លែងអំណរគុណដល់លោកជំទាវឧបនាយករដ្ឋមន្ត្រីដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជំនួបជាមួយគណៈប្រតិភូសហព័ន្ធនារីចិនតំណាងទូទាំងប្រទេសដែលបានមកបំពេញទស្សនៈកិច្ចនៅប្រទេសកម្ពុជានាពេលកន្លងមក។
លោកជំទាវឧបនាយករដ្ឋមន្ត្រីក៏បានគាំទ្រនូវគោលនយោបាយរបស់ប្រទេសចិនក្នុងការអនុវត្តយុទ្ធសាស្ត្រផ្លូវមួយខ្សែរក្រវាត់មួយ ។ លោកជំទាវក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀតជាច្រើន ដែលកំពុងផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរកម្ពុជា-ចិន។ ជាពិសេស សូមឲ្យទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងនារីចិន និងនារីកម្ពុជាកាន់តែមានភាពជិទ្ធស្និទ្ធបន្ថែមទៀត ។