ជំនួបពិភាក្សាការងារជាមួយលោក Stephen P. Groff អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)


នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមពីសំណាក់លោក Stephen P. Groff អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំជំនួយបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់វិស័យ ទាំងឡាយដូចជា៖ កម្មវិធីធ្វើឱ្យប្រសើរឡើងផ្នែករឹងទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការផ្គត់ផ្គង់ទឹក អនាម័យទឹក និងការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ ទម្រង់ការស្តីពីការអភិវឌ្ឍផែនការមេភ័ស្តុភារកម្ម និងការធ្វើទំនើបកម្មលើការដឹកជញ្ជូនសាធារណៈ(ផ្លូវទឹក) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅកម្ពុជា។
លោក Groff បានកត់សម្គាល់លើសំណើទាំងនោះ និងបានមានប្រសាសន៍ថា៖ សំណើទាំងនោះនឹងត្រូវបានចាត់ចូលក្នុងគម្រោងហិរញ្ញប្បទានគាំទ្រសម្រាប់ឆ្នាំ២០១៨-២០២០របស់ធនាគារអភិវឌ្ឍន៍អាស៊ី។