ប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត ក្នុងខេត្តព្រះសីហនុ ទទួលបានការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ


(ខេត្តព្រះសីហនុ): ប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត ដែលរស់នៅនិងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់ខ្លះ នៃក្រុង ស្រុក របស់ខេត្តព្រះសីហនុ ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទទួលបានការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់តាមរយៈក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិហើយនៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្នុងយុទ្ធនាការថ្ងៃដំបូងនៃការផ្ដល់ការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ក្នុងខេត្តព្រះសីហនុ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ របស់ក្រសួងការពារជាតិ រួមដំណើរដោយនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ រួមនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងអគ្គបញ្ជាការ ក្រសួងការពារជាតិ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញទៅកាន់តំបន់ដែលមានហានិភ័យនៃការឆ្លងរាល ដាលនោះ ដើម្បីពិនិត្យមើលអំពីការរៀបចំដំណើរការផ្ដល់ការចាក់វ៉ាក់សាំងការពារនេះ ជូនដល់ប្រជាពលរដ្ឋយើង ពីសំណាក់ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ របស់កងទ័ព នៅក្នុងខេត្តព្រះសីហនុ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបទបញ្ជារបស់ក្រសួងការពារជាតិ ។ សូមបញ្ជាក់ថា នៅតំបន់ខ្លះក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវបានប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ជាតំបន់មានហានិភ័យខ្ពស់កំពុងឆ្លងរីករាលដាលខ្លាំង នូវជំងឺដ៏កាចសាហាវកូវីត១៩ កំពុងយាយី ចំពោះសុខភាពប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត យ៉ាងខ្លាំង ដែលតម្រូវឱ្យអាជ្ញាធរមានការបិទខ្ទប់តំបន់នេះ អស់រយៈពេលយ៉ាងយូរ ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចជាតិ និងរាំងស្ទះដល់ការអភិវឌ្ឍ នៅគ្រប់ហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្តទេសចរណ៍មួយនេះយ៉ាង ធ្ងន់ធ្ងរ ។ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវកូវីត១៩ចេញពីក្នុងសហគមន៍ នៅក្នុងតំបន់ខេត្តព្រះសីហនុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បទបញ្ជាដល់កងទ័ព ឲ្យចូលទៅកាន់តំបន់ទាំងនោះ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ ក្នុងបំណងកាត់ផ្ដាច់ចរន្តនៃការចម្លងរាលដាលនៃជំងឺនេះ ពីប្រជាពលរដ្ឋយើង ក្នុងការស្ដារឡើងវិញនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងបន្តការអភិវឌ្ឍឲ្យប្រសើរឡើងវិញ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលជាប្រធាន ប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិបានថ្លែងថា បើតាមគម្រោងផែនការ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានប្រគល់ភារកិច្ចឱ្យដល់កងទ័ពទទួលខុសត្រូវក្នុងការធ្វើ សកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត និងជនបរទេស ដែលរស់នៅស្នាក់នៅក្នុងភូមិសាស្ត្រខេត្តដែលមានហានិភ័យទាំង ៥ រួមមានខេត្តព្រះសីហនុ.កំពង់ស្ពឺ.ខេត្តតាកែវ.ខេត្តកំពង់ចាម.និងខេត្តស្វាយរៀង ក្នុងចំណោមមនុស្សមានហានិភ័យខ្ពស់ ត្រូវទទួលការចាក់វ៉ាក់សាំង ចំនួនសរុបប្រមាណ ១លាន ២សែន ៤ម៉ឺន ៤១២នាក់ ក្នុងនោះកងទ័ពទទួលខុសត្រូវចាក់ប្រមាណជា ៨សែន ៣ម៉ឺន ៩ពាន់ ៦៨៥នាក់ សុខាភិបាលតាមបណ្ដាខេត្តទទួលខុសត្រូវចាក់ប្រមាណជា ៤សែន ៧២៧នាក់ ។ ដោយឡែកសម្រាប់តំបន់ខ្លះនៃខេត្តព្រះសីហនុនេះ មានប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងជនបរទេស មិនទាន់ទទួលបានវ៉ាក់ សាំងប្រមាណជាជាង ២សែន ៣ពាន់ ៣៤០នាក់ដែលក្នុងចំនួននេះសុខាភិបាលខេត្តព្រះសីហនុ នឹងធ្វើការទទួលចាក់វ៉ាក់សាំងលើពីរទីតាំង ក្នុងក្រុងព្រះសីហនុ ដែលមានប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងប្រមាណជា ១ម៉ឺន ១៧៥នាក់ និងក្រៅពីនោះមានប្រជាពលរដ្ឋ កម្មករ និយោជិត និងជនបរទេស ប្រមាណជាជាង ១៩ម៉ឺន ៣ពាន់ ១៦៥នាក់ទៀត ក្រុមគ្រូពេទ្យកងទ័ពមកពីអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក មានអង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ.អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ.អង្គភាពកងពលតូចលេខ ៧០ កងទ័ពជើងគោក.និងក្រុមគ្រូពេទ្យរបស់អង្គភាពកងកិត្តិយសត្រែទ័ព ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាអ្នករ៉ាប់រងនិងទទួលខុសត្រូវក្នុងការផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងជនបរទេសទាំងនោះចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយមិនគិតថ្លៃអ្វីទាំងអស់ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសំណូមពរយ៉ាងទទូចដល់សមាជិកក្រុមការងារប្រតិបត្តិ ទាំងអស់ ទាំងក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ ពេលបំពេញបេសកកម្ម ផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត តាមបណ្តាគោលដៅភូមិសាស្រ្តខេត្តព្រះសីហនុ ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវបំផុត លើវិធានការការពារខ្លួន ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។