សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា ការងារជាមួយក្រុមហ៊ុនវិនិយោគទុន China National Heavy Machinery Company


នៅរសៀលថ្ងៃដដែលនេះដែរ នៅសណ្ឋាគារ China World Hotel សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនូញ្ញាត្តិអោយ លោក លូ វិនជុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Company ប្រទេសចិនចូលជួបពិភាក្សា ការងារវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុន China National Heavy Machinery Company បានចាប់ផ្តើមវិនិយោគក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ ដោយក្រុមហ៊ុនបានមើលឃើញពីសក្តានុពល និងបរិយាកាសស្ថិរភាពនយោ បាយ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងមានការគាំទ្រ លើកទឹកចិត្តពីរាជរដ្ឋាភិបាល។ ក្រុមហ៊ុនរបស់លោកបានបន្តបណ្តាក់ទុនបន្ថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៌ប្រទេសកម្ពុជា។ កន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានទទួលជោគជ័យក្នុងការបណ្តាក់ទុនកសាងវារីអគ្គិសនីស្ទឹងតាតៃ (B.O.T) ដែលបានដំណើរការយ៉ាងរលូន ពិសេសការកសាងខ្សែបណ្តាញបញ្ជូនអគ្គិសនីទៅតាមតំបន់ជនបទ។ កន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគ ចំនួន ១,៤៧០លានដុល្លារអាមេរិករួចមកហើយ។ ទន្ទឹមនឹងនេះ គឺក្រុមហ៊ុនលោកក៏បានចូលរួមចំណែកកសាងបណ្តាញខ្សែបញ្ជូនអគ្គីសនីប្រមាណ ៣០% ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនពេញចិត្ត និងគាំទ្រទិសដៅអភិវឌ្ឍន៌របស់ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលក្នុងការតភ្ជាប់បណ្តាញអគ្គិសនីរហូតដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីអោយមានភ្លើងប្រើប្រាស់បាន។
ក្រៅពីការចូលរួមចំណែកលើការកសាងវារីអគ្គិសនី ក្រុមហ៊ុនរបស់លោកក៏បានចូលរួមចំណែកលើការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសដល់យុវជនកម្ពុជាអោយមានសមត្ថភាពចំណេះដឹង និងជំនាញអគ្គីសនីច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៌គម្រោងវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុន ហ៊ុន China National Heavy Machinery Company ។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា កន្លងមកមានក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគក្នុងប្រទេសកម្ពុជា ព្រោះពួកគេមានទុនវិនិយោគច្បាស់លាស់ ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងប្រទេស។ សម្តេចតេជោ បញ្ជាក់ថា បើក្រុមហ៊ុនផលិតឡានគឺត្រូវតែធ្វើផ្លូវ ហើយបើវិនិយោគវារីអគ្គិសនីគឺត្រូវតែវិនិយោគលើបណ្តាញតភ្ជាប់អគ្គិសនីអោយបានគ្រប់គ្រាន់ដើម្បីប្រជាពលរដ្ឋគ្រប់ទីកន្លែងមានភ្លើងប្រើប្រាស់បាន គឺត្រូវទាញអគ្គិសនីឲ្យបានដល់តំបន់ជនបទ៕