ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អំ​ពាវនាវព្រះសង្ឃគ្រប់វត្តអារាមបន្ត​ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ឱ្យចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និង​វិធានការ៣ការពារ និង៣កុំ


បន្ទាយមានជ័យ៖ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម អំពាវនាវដល់ព្រះសង្ឃ​នៅគ្រប់ទីវត្តអារាមសូមចូលរួមបន្តផ្សព្វផ្សាយអប់រំ ទៅកាន់ប្រជាពលរដ្ឋ ឱ្យចូលរួមចាក់វ៉ាកសាំង​ការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងត្រូវ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំនានា ​របស់ក្រសួងសុខាភិបាល​ ក៏ដូចជារាជរដ្ឋាភិ បាលកម្ពុជា តាមរយៈវិធានការ “៣ការពារ ​និង ៣កុំ​”​ ដើម្បីចៀសផុតពីការឆ្លងរាលដាល​ជំងឺ កូវីដ-១៩ ដ៏កាចសាហាវនេះ។​

 

ប្រសាសន៍យ៉ាងដូច្នេះរបស់ឯកឧត្តម ខេង ស៊ុម បានធ្វើឡើងក្នុងឱកាសដឹកនាំក្រុម ការងារ នាំយកទៀនព្រះវស្សា ទេយ្យទានទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ គង់​ចាំព្រះវស្សាក្នុង​​វត្ត​ចំនួន​៤ រួមមាន​៖ វត្តប្រាសាទ​ស្រះកណ្តាល​ខ្ចាស់​ វត្ត​ឯករង្សីត្របែក​​ វត្ត​បុស្បូវ​ និងវត្ត​ជម្ពូធិបតីសុវណ្ណា​ (ព្រីងកោង​​) ​ស្ថិត​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមាន ជ័យ កាលពីរសៀលថ្ងៃ១១កើត​ ខែ​ទុតិយាសាធ​ ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក​ ព.ស.​២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ ទី២០ ខែកក្តដា ឆ្នាំ២០២១​ ។

នៅក្នុងឱកាសនោះដែល​ ឯកឧត្តម​ ខេង​ ស៊ុម ​មានប្រសាសន៍​ថា​ នៅក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​-១៩​នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ តែង​តែបានយកចិត្តទុកដាក់​គិត​គូរ​សុខទុក្ខ​ប្រជាពលរដ្ឋបានខិតខំរិះរកវ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ-​១៩ ចាក់​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ពោលគឺចាក់ជូនបងប្អូនដោយ គោលការស្ម័គ្រចិត្ត។​

ជាមួយនោះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក៏បានជំរុញណែនាំ បន្ថែមដល់បណ្តាគ្រប់ទីវត្តអារាមទាំងអស់​ នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩​ នេះ ។ ត្រូវមានការរៀបចំឱ្យមានប្រដាប់វាស់កម្ដៅ ទឹកអាល់កុល ឬជែលសម្រាប់លាងដៃ សម្លាប់មេរោគ។ ម្យ៉ាងវិញទៀតរាល់ពេលដែលប្រជាពុទ្ធបរិស័ទនាំយកចង្ហាន់មកប្រគេនដល់ ព្រះសង្ឃ​ នៅពេលមានបុណ្យទាន​ ឬថ្ងៃសីលជាដើម​ ត្រូវរៀបចំឱ្យមានគម្លាតពីគ្នាឱ្យបាន ត្រឹមត្រូវ​ ដោយមិនត្រូវមានការជួបជុំ ឬប្រមូលផ្ដុំឡើយ ។ ពោលគឺពេលប្រគេនចង្ហាន់រួចមិន ត្រូវមានការជួបពិភាក្សាគ្នានៅក្នុងវត្ត ដែលជាសកម្មភាពជួបជុំប្រមូលផ្ដុំគ្នាឡើយព្រោះវាមាន ជាហានិភ័យខ្ពស់ ពីការចម្លងពីជំងឺកូវីដ-១៩​នេះ។

​ ពិធីបុណ្យចូលព្រះវស្សា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច​ ខែ អាសាធ​ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ក្នុងឱកាសនោះបុណ្យចូលព្រះវស្សា​ បងប្អូន​ប្រជា ពុទ្ធបរិស័ទ​ តែងតែនាំគ្នាហែទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែជុំវិញ ព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។ នៅក្នុងអំឡុងចូលព្រះវស្សារយៈពេល៣ខែ បងប្អូនដែលមានទម្លាប់គោរពព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ​ មកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ ផ្គង់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សារយៈពេល ៣ខែ។​

សូមបញ្ជាក់ផងដែរថា ទេយ្យទានទេយ្យវត្ថុនិងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃក្នុងមួយ​វត្តៗ​ទទួលបាន​ ទៀនវស្សា​១គូ,​ សាដក​ចំនួន​១​គូ,​ អង្ករ​៣០០គីឡូ​ក្រាម, មី​៣កេស, ទឹក​ផ្លែឈើ​២កេស​,​ ទឹកបរិ​សុទ្ធ​៣០យួរ, ទឹក​ស៊ីអ៊ីវ​១០​យួរ, ទឹក​ត្រី​១០យួរ​,ត្រី​ខ​កំប៉ុង ១កេស,​ រួមនឹងបច្ច័យ ប្រគេនជូនវត្តចំនួន៤​ ក្នុងមួយវត្តៗ ២០ម៉ឺន​រៀល​ ។ ដោយឡែក​ វត្តប្រាសាទ​ស្រះកណ្តាល​ខ្ចាស់​ ទទួលបានបច្ច័យ ៥០ម៉ឺន​រៀល​ ៕