នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចថ្មើជើងលេខ៧០ នៅទីបញ្ជាការដ្ឋានកងពល ដើម្បីចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ក៏ដូចជាការចងសម្ព័ន្ធមេត្រីភាពរវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមយុវជនកងពលតូចថ្មើរជើងលេខ៧០។ បន្ទាប់ពីប្រសាសន៍ស្វាគមន៍ថ្លែងដោយឯកឧត្តមឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ ឯកឧត្តម សាយ សំអាល់ បានសម្តែងការកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចជូនជាតិ និងមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីនូវលទ្ធផលសំខាន់ៗនៃការធ្វើកំណែទម្រង់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ន ការពង្រឹកកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវ:ចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការដោះស្រាយបញ្ហាដីធ្លី និងបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសព្រៃឈើ តាមរយ:ការបន្តអនុវត្តបទបញ្ជាលេខ០១ និងការត្រួតពិនិត្យសម្បទានដីសេដ្ឋកិច្ច ការកែសម្រួលមុខងារស្ថាប័នទទួលបន្ទុកការងារអភិរក្ស និងអភិវឌ្ឍន៍រវាងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការផ្ទេរមុខងារ និងភារកិច្ចគ្រប់គ្រងសំណល់រឹងរាវ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាលទ្ធផលបានជួយដល់ការលើកកម្ពស់ប្រសិទ្ធភាពគាំពារបរិស្ថាន និងការទប់ស្កាត់និងលុបបំបាត់បទល្មើសធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។