ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូនៃខេត្តព្រះសីហនុ


នៅមន្ទីរអប់រំខេត្តព្រះសីហនុ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានអញ្ជើញ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូនៃខេត្តព្រះសីហនុ ឯកឧត្តម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អស់លោក លោកស្រី ក្រុមការងារ និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានសហការខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យអប់រំ ឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។

គោលបំណងមានពីរ៖ ទី១.លោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្ហាត់បង្រៀនសិស្ស ឱ្យយល់ច្បាស់ពីតម្លៃនៃកត្តារួមសាមគ្គីគ្នា ពីព្រោះថា កត្តាសាមគ្គីនាំមកនូវកម្លាំងដ៏ខ្លាំងក្លាក្នុងការដណ្តើមយកជ័យជម្នះ។ ក្នុងប្រវត្តិសាស្ត្រខ្មែរ នៅសម័យអង្គរ បានបញ្ជាក់ច្បាស់ថា ដោយសារយើងមានមហាកម្លាំងសាមគ្គី ទើបយើងកសាងអង្គរវត្តដ៏ល្អវិចិត្របាន។

ទី២.មន្ទីរអប់រំខេត្ត ត្រូវសហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការរិះរក និងប្រើប្រាស់វិធីសាស្ត្រថ្មីៗ ក្នុងការជំរុញបំប៉នបង្ហាត់បង្រៀននិងរៀនដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៦-២០១៧ ដើម្បីឆ្ពោះទៅការប្រឡងយកសញ្ញាបត្រទុតិយភូមិ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរក្នុងកម្រិតនិទ្ទេសA ឱ្យកើនលើសឆ្នាំសិក្សា២០១៥-២០១៦ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែសម្បូរបែបនិងយូរអង្វែង។
ឯកឧត្តម បានណែនាំដល់លោកគ្រូ អ្នកគ្រូ គឺ ត្រូវសហការបន្តការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនបំប៉នសិស្សថ្នាក់ទី១២ តាមមុខវិជ្ជាដែលបានកំណត់។ ត្រូវសហការជំរុញការរៀបចំឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៦-២០១៧ បានមក ប្រឡងសញ្ញាបត្រទុតិយភូមិ ឱ្យគ្រប់ៗគ្នា។
ឯកឧត្តម អរគុណដល់អាជ្ញាធរខេត្ត និងឯកឧត្តម ស្រ៊ុន សារឿន ដែលបានឧបត្ថម្ភថវិកាសម្រាប់លោកគ្រូ អ្នកគ្រូ បង្រៀនបំប៉នសិស្សថ្នាក់ទី១២ នៅវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុប្រចាំឆ្នាំសិក្សា ២០១៦-២០១៧។ វិធីសាស្រ្តដែលបានប្រើប្រាស់សម្រាប់ការអនុវត្តផែនការនេះ ត្រូវបានទទួលការគាំទ្រ និងលើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា៕