ឯកឧត្តម សុខ ឥសាន៖ ពស់វែកក្បាលពីរ កំពុងប្រទាញប្រទុងគ្នា


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ តាមរយៈ Telegram ថា ពិតជាឆុតឆាប់ដូចហោរាល្បីឈ្មោះថៃបានទស្សន៍ទាយថា បក្សប្រឆាំង ប្រៀបបាននឹងពស់ក្បាល២  ដឹកនាំតួខ្លួនពស់តែមួយ។ បើជាពស់ក្បាលពីរ គឺការដឹកនាំជៀសមិនរួច ប្រទងប្រទាញគ្នា ក្នុងការដឹកនាំ ។ ដូច្នេះ វាត្រូវតែមានទំនាស់ជា មិនខានឡើយ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ជាក់ស្តែង ដូចបច្ចុប្បន្ននេះ អតីតមេបក្សប្រឆាំង កំពុងតែស្តាយតួនាទី សិទ្ធិអំណាច ដែលខ្លួនភ្ញាក់រលឹកលាលែងកាលពីប៉ុន្មានខែមកហើយ។ ទោះគ្មានតួនាទីអ្វីក្នុងបក្ស សម រង្សី នៅតែឆ្លៀតឱកាសលូកដៃ ចូលក្នុងយុទ្ធការឃោសនា បោះឆ្នោតកាត់មុខមាត់ ឯកឧត្តម កឹម សុខាជាប្រធានបក្ស ដោយចេញមុខមាត់ ថ្លែងសារ ផ្សេងៗជំនួសប្រធាន ។ ឥឡូវនេះ សម រង្សី កំពុងចេញមុខកាន់តែខ្លាំងជាងមុន ដោយឆក់យកតួនាទីជាប្រធានបក្ស ចង់យកបេក្ខភាពនាយករដ្ឋមន្ត្រី មក តទល់នឹង សម្តេចតេជោដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពជា កាត់មុខមាត់ឯកឧត្តម កឹម សុខា ជាប្រធានបក្សពេញសិទ្ធិរបស់បក្សប្រឆាំង។ ឆ្ពោះទៅរកការបោះឆ្នោតនាឆ្នាំ២០១៨ ខាងមុខ គេពិតជាបានឃើញទិដ្ឋភាពដណ្តើមគ្នាធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ ២០១៨ ខាងមុខឆាប់ៗនេះ ។ នៅពេលនោះល្ខោនពិតជាល្អមើលជាមិនខាន ។

ឯកឧត្តម បានបន្តទៀតថា សម រង្សី ចង់បានជាបេក្ខជននាយករដ្ឋមន្ត្រី តើបានគិតថាខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បេីគ្មានឈ្មោះទេ ធ្វើម៉េចបានបោះឆ្នោត?  បើគ្មានទេ នោះមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានទេ។

បើ សម រង្សីមិនអាចឈរឈ្មោះជាបេក្ខជន នាយករដ្ឋមន្ត្រី ការខិតខំរបស់ សម រង្សីគឺជាការអាសារឥតការ គ្មានប្រយោជន៏ ។ អញ្ចឹងហើយបានជា ឯកឧត្តម កឹម សុខា នៅស្ងៀមមិនមានប្រតិកម្មអ្វីសោះ ទុកឲ្យ សម រង្សី ហក់លោតម៉ាសេរីចុះ គ្មានបានការទេ។

ឯកឧត្តម បានបញ្ជាក់ថា បក្សពស់ក្បាលពីរ ពិតជានឹងជួបវិបត្តិឈ្លោះដណ្តើមបេក្ខភាព នាយករដ្ឋមន្ត្រី គ្នាជាមិនខាន។ ពេលនោះ នឹងមានកើតឡើងបញ្ហាស្មុគ្រស្មាញផ្ទៃក្នុងបក្សប្រឆាំងដែលជាពស់ក្បាលពីរ ជាក់ជាមិនខានឡើយ។