រយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង៤ពាន់លានដុល្លារអាមេរិក


រយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង៤ពាន់លានដុល្លារអាមេរិក ដែលនាំចេញ ទៅកាន់គោលដៅទីផ្សារចំនួន ៦៨ ប្រទេស ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញ កសិផល ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤ ០៧១,៥៧១,០៩៨ ដុល្លារអាមេរិក ដែលក្នុងនោះ ៖ ការនាំចេញអង្ករមានចំនួន ៣៩២,៩៨៤,៣២៦ ដុល្លារអាមេរិក , ការនាំចេញស្រូវមានចំនួន ៤៦៥,៤៩៨,២៥០ ដុល្លារអាមេរិក , ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣,៧០០,៦១៣ ដុល្លារអាមេរិក, ការនាំចេញកៅស៊ូធម្មជាតិ មានចំនួន ៣៧៩,៣៨៧,៩០៩ ដុល្លារអាមេរិក (ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១)។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦,៣៦៤,៦០៧ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២,៩៧០,៦៩១ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៣,៣៩៣,៩១៥តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចជា ៖ ការនាំចេញអង្ករមានចំនួន ៤៦០,១៦៩ តោន មានការថយចុះចំនួន ៧៦,១៣៦ តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១០ខែឆ្នាំ២០២០ ដែលមានចំនួន ៥៣៦,៣០៥ តោន ។អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧,០៣២ តោន ស្មើនឹង ៧១,០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤,៧១៤ តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ,៤២៣ តោន ស្មើនឹង ១,៨៣% ។

ឯកឧត្តមបន្តថា បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១១៥, ៤៧៦តោន (ថយចុះចំនួន ៥៨៩១៥តោន ស្មើនឹង -៣៣,៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩,១៧៧តោន (កើនឡើងចំនួន ៣៤,៧២៦តោន ស្មើនឹង ១៧,៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣,៧៩០តោន(ថយចុះចំនួន ២៨ ០៩២តោន ស្មើនឹង -៣៩,០៨%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៧១,៧២៦តោន (ថយចុះចំនួន ២៣ ៨៥៥តោន ស្មើនឹង -២៤,៩៦%) ។ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨,៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន៥០ដទៃទៀតបាននាំចេញត្រឹមតែ ១២១ ៥៧៥តោន (២៦,៤២%) ។

ឯកឧត្តមបានបន្ថែមថា ការនាំចេញស្រូវមានចំនួន ២,៦៥៩,៩៩០តោន ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម ដែលមានការកើនឡើងចំនួន ១,២៣២,៧៦៤ តោន (៨៦,៣៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៤២៧ ២២៦តោន ។

ម្យ៉ាងទៀត ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤,២២១,១៥៣ តោន កើនឡើងចំនួន ១ ៣៦៣ ៥៤២ តោន ស្មើនឹង ៤៧,៧២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២,៨៥៧,៦១០ តោន ដែលក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀមមានចំនួន ១,៣៣៦,២៥៣ តោន កើនឡើងចំនួន ១០,១០% ។ ដំឡូងមីស្រស់មានចំនួន ៧៤៣,៧២០ តោន កើនឡើងចំនួន ១៧,៥៤% ។ ម៉្សៅដំឡូងមីមានចំនួន ២៦,៩៧១.៧៤ តោន កើនឡើងចំនួន ២៤,២៥% ។ កាកសំណល់ដំឡូងមីមានចំនួន ៧,២៩៦ តោន ថយចុះចំនួន -៣៥,០៨%។ គ្រាប់ស្វាយចន្ទីមានចំនួន ៩១៤,៧៩៥.៧២ តោន កើនឡើងចំនួន ៣៤៣,១៧% ។ គ្រាប់ពោតមានចំនួន ១៥៧,១៣៤.៣៦ តោនថយចុះចំនួន -១៩,០៨% ។ គ្រាប់សណ្តែកបាយមានចំនួន ២៥,៣៥២.៣៥ តោន កើនឡើងចំនួន ៤១៩,៥៥% ។ គ្រាប់សណ្តែកសៀងមានចំនួន ៥២,២១០.០៤ តោន កើនឡើងចំនួន ៤៣៧,៤២% ។ ផ្លែចេកស្រស់មានចំនួន ៣៦៩,៤៣១ តោន កើនឡើងចំនួន ៣៦,៧៧% ។ ផ្លែក្រូចថ្លុងមានចំនួន ៣៤,៩១៨ តោន កើនឡើងចំនួន ១១៩,៦១% ។ ផ្លែស្វាយស្រស់មានចំនួន ២០២,១៤១ តោន កើនឡើងចំនួន ១៥៧,៨៣% ។ ដំណាប់ស្វាយមានចំនួន ១៥,៦៥១ តោន កើនឡើងចំនួន ១៩៥,៤១% ។ ទឹកស៊ីរ៉ូស្វាយមានចំនួន ៤,៤០០ តោន កើនឡើងចំនួន ៤១,០៤% ។ ដូងប្រេងមានចំនួន ៤៨,៧៧៦ តោន ថយចុះចំនួន -០,៤៨% ។ ម្រេចមានចំនួន ២៧,៦៣៣ តោន កើនឡើងចំនួន ៤៥៧,៤៧% ។ ថ្នាំជក់មានចំនួន ៣, ៩៣៤.០៥ តោន ថយចុះចំនួន -២៨,៧៥% ។បន្លែចម្រុះមានចំនួន ៨៤,៤០ តោន ថយចុះចំនួន -១០,០២% ។ ម្ទេសស្រស់មានចំនួន ៨២, ៩៦៧.១២ តោន កើនឡើងចំនួន ៤៣,១១% ។ ម្ទេសក្រៀមមានចំនួន ១,៧៤០.២៣ តោន ថយចុះចំនួន ៣,៣២% ។ ផលិតផលចំនួន ៨៤មុខ ផ្សេងទៀតមានចំនួន ១៦៥,៧៤០ តោន។

ឯកឧត្តមបានបន្ថែមថា ការនាំចេញកសិផលសរុបក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២% រីឯការនាំចេញអង្ករមានការថយចុះចំនួន ១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូន ទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានិងកង្វះទូរកុងតឺន័រ ទំហំ ២០ហ្វីត សម្រាប់ផ្ទុកអង្ករនាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតឺន័រដែលមានទំហំ ៤០ហ្វីត ដែលមិនអាចប្រើប្រាស់បានឱ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុក ទៅនឹងលើសទម្ងន់កំណត់ ៕