ក្រសួងសុខាភិបាលបន្តយុទ្ធនាការសម្លាប់មូស


 Zika 19 02 16 2 copy

    ក្រសួង​សុខា​ភិបាល​ បាន​បន្ត​យុទ្ធ​នាការ​សម្លាប់​មូស ​ដើម្បី​បង្ការ​ជម្ងឺ​គ្រុន​ឈាម និង​ជម្ងឺ​ហ្ស៊ីកា​។ ជម្ងឺ​ហ្ស៊ីកា ទោះ​បី​បាន​គម្រាម​ចំពោះ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាម៉េរិក​នោះ​ក្តី ប៉ុន្តែ​នៅ​កម្ពុជា​ជម្ងឺ​នេះ នៅ​មិន​ទាន់​មាន​សេចក្តី​រាយ​ការណ៍​ ថា​បាន​ឆ្លង​ចូល​មក​ដល់​នៅ​ឡើយ​ទេ​ ។

     ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃ​នេះ​ បាន​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ដែល​ត្រូវ​ប្រយ័ត្ន​ចំពោះ​ជម្ងឺ​ហ្ស៊ីកា​នោះ​ ។

     សូម​ជម្រាប​ថា​ នៅ​តាម​ប្រទេស​ដែល​រង​ការ​ឆ្លង​ជម្ងឺ​ហ្ស៊ីកា មក​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ គេ​សង្កេត​ឃើញ​ទារក​ដែល​បង្កើត​ចេញ​មក​មាន​ក្បាល​តូច និង​អវៈយវៈ​ទន់​ខុស​ធម្មតា​ ។ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល និង​ជា​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជម្ងឺ​ឆ្លង ​នៃ​ក្រសួង​សុខា​ភិបាល លោក លី សូវ៉ាន់ ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​មួយ​ពី​ជម្ងឺ​ហ្ស៊ីកា ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​សារ​ព័ត៌មាន​នានា​ និង​មន្ត្រី​មួយ​ចំនួន​សរុប​ប្រមាណ​ ៤០​នាក់ បាន​បញ្ជាក់​យ៉ាង​នេះ​ថា ស្ថាន​ភាព​ជម្ងឺ​ហ្ស៊ីកា​នៅ​កម្ពុជា​គឺ​ ស្ថិត​នៅ​ក្នុង​ហានិភ័យ​ទាប​នៅ​ឡើយ​ ដោយ​សារ​ការ​ធ្វើ​ដំណើរ​ពី​តំបន់​ដែល​រាត​ត្បាត​មក​កម្ពុជា ​មាន​ចំនួន​តិច​តួច​ ។ លោក​បញ្ជាក់​ថា គេ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​ពូជ​មូស​ខ្លា​នៅ​កម្ពជា ថា​តើ​អាច​មាន​លទ្ធភាព​ផ្ទុក និង​ចម្លង​ជម្ងឺ​ហ្ស៊ីកា​ដែរ ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ការ​រាត​ត្បាត​បាន​កើត​ឡើង​នោះ​ទេ​ ។

     វីរុស​ហ្ស៊ីកា ត្រូវ​គេ​រាយ​ការណ៍​ថា​ បាន​កើត​មាន​នៅ​តំបន់​ត្រូពិច​ដែល​មាន​មូស​ច្រើន និង​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ចរាចរ​នៅ​ទ្វីប​អាហ្រ្វិក​អាម៉េរិក អាស៊ី​ខាង​ត្បូង និង​តំបន់​ប៉ាស៊ី​ហ្វិក​ខាង​លិច​ផង​ដែរ ​។

Zika 19 02 16 3 copy

Zika 19 02 16 4 copy