សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិស្សប្រើបណ្ណចាក់វ៉ាក់សាំងថតចម្លង ជំនួសបណ្ណដើម ដើម្បីដាក់តាមខ្លួន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ប្រើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលថតចម្លងជំនួសបណ្ណដើម ដាក់តាមខ្លួន ដើម្បីចៀសវាងការខូចខាត ឬបាត់បង់ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ បន្ទាប់ពីបានពិនិត្យឃើញសិស្សានុសិស្សនៅទូទាំងប្រទេសតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងពេលពួកគេចូលរៀន ក្រោយសាលាត្រូវបានបើកទ្វារឡើងវិញនៅទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។ ការដាក់បណ្ណចាក់វ៉ាក់សាំងតាមខ្លួនរបស់សិស្សានុសិស្សនេះ បានធ្វើឱ្យសម្តេចតេជោ ព្រួយបារម្ភពីការខូចខាត និងបាត់បង់បណ្ណចាក់វ៉ាក់សាំង ព្រោះក្មេងៗមិនចេះថែទាំ។

តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំគិតថា បើយើងអនុញ្ញាតឱ្យប្រើច្បាប់ដើមសម្រាប់ ការពាក់បង្ហាញបែបនេះ បណ្ណចាក់វ៉ាក់សាំងរបស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀតកុមារា កុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀង ក៏អាចនឹងជួបការលំបាក។ ក្នុងន័យនេះ ខ្ញុំស្នើសុំឱ្យមានការពិចារណាបន្ទាប់ពីនេះទៅ គប្បីប្រើប្រាស់បណ្ណដែលថតចម្លង ហើយរក្សាបណ្ណដើមទុកនៅឯផ្ទះដោយសុវត្ថិភាព ហើយបណ្ណថតចម្លងនេះទុកប្រើប្រាស់ពេលសិស្សទៅរៀន»

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានីខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូតាមសាលានានា ជួយសម្របសម្រួលក្នុងការថតចម្លងបណ្ណចាក់វ៉ាក់សាំងនេះសម្រាប់សិស្សប្រើប្រាស់។

សូមបញ្ជាក់ថា សាលាទាំងរដ្ឋ និងឯកជនគ្រប់កម្រិត បានបើកទ្វារឱ្យសិស្សសិក្សាដោយផ្ទាល់វិញហើយនៅថ្ងៃទី០១ ខែវិច្ឆិកា ម្សិលមិញនេះ។ សិស្សដែលចូលរៀនតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំង និងអនុវត្តតាមវិធានសុខាភិបាល ដូចជាពាក់ម៉ាស់ និងលាងសំអាតដៃជាដើម មុនពេលចូលសិក្សា៕