សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ លើការផលិតបណ្ណចាក់វ៉ាក់សាំង ជាពិសេសឈ្មោះជាភាសាអង់គ្លេស


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹក និងណែនាំបន្ថែមឱ្យពិនិត្យពិច័យ និងយកចិត្តទុកដាក់ខ្ពស់លើការផលិតបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពាក់ព័ន្ធអត្តសញ្ញាណរបស់អ្នកចាក់ ជាពិសេសឈ្មោះជាភាសាអង់គ្លេស គឺឱ្យត្រូវគ្នានឹងលិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណជាដើម។

ការក្រើនរំលឹកបែបនេះ ព្រោះតែសម្តេចតេជោ បារម្ភខ្លាចការដាក់ឈ្មោះជាភាសាអង់គ្លេស លើបណ្ណចាក់វ៉ាក់សាំង ខុសពីឈ្មោះលើលិខិតឆ្លងដែន នាំឱ្យលំបាកក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេស។

តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា នេះ សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសនេះជម្រាបជូនក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាក្រសួងការពារជាតិ សម្រាប់ផ្នែកចាក់វ៉ាក់សាំង ខិតខំធ្វើកាត់ចាក់វ៉ាក់សាំងនេះ ហើយដាក់ឈ្មោះនេះឱ្យបានត្រឹមត្រូវ»

សម្តេចតេជោបន្តថា «ជាពិសេសក្នុងផ្នែកភាសាអង់គ្លេស ព្រោះថាប្រជាពលរដ្ឋរបស់យើង មន្ត្រីរបស់យើងមានការចាំបាច់ក្នុងការធ្វើដំណើរទៅក្រៅប្រទេស។ ក្នុងករណីដាក់ឈ្មោះជាភាសាអង់គ្លេស មិនបានត្រឹមត្រូវស្របទៅតាមឈ្មោះដែលមានក្នុងលិខិតឆ្លងដែន គឺមិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានទេ។ សូមយកចិត្តទុកដាក់ទៅលើការដាក់ឈ្មោះឱ្យបានត្រឹមត្រូវទាំងជាភាសាខ្មែរ និងទាំងជាភាសាអង់គ្លេស សម្រាប់ការប្រើប្រាស់ក្នុងការចេញទៅក្រៅប្រទេស»

សូមបញ្ជាក់ថា លើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាបានធ្វើនាពេលបច្ចុប្បន្ននេះ បានបង្ហាញទិន្នន័យមួយចំនួនមានដូចជា៖ លេខកាត, ឈ្មោះរបស់អ្នកចាក់ជាភាសាខ្មែរ និងអង់គ្លេស, លេខអត្តសញ្ញាណបណ្ណ, ប្រភេទវ៉ាក់សាំង, ទីតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងផងដែរ។

បណ្ណចាក់វ៉ាក់សាំង បាននិងកំពុងក្លាយទៅជាតម្រូវការប្រើប្រាស់ចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ននេះ។ សម្រាប់នៅកម្ពុជា បណ្ណចាក់វ៉ាក់សាំងនេះ នឹងតម្រូវឱ្យបុគ្គលម្នាក់ៗបង្ហាញមុនពេលពួកគេចូលទីតាំងសាធារណៈនានា មានដូចជាទីតាំងលក់ដូរ និងអាហារដ្ឋានជាដើម។

នៅតាមបណ្តាប្រទេសមួយចំនួន ក៏កំពុងតម្រូវឱ្យមានការបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះផងដែរ សម្រាប់ជនបរទេសដែលចង់ធ្វើដំណើរចូលទៅកាន់ប្រទេសរបស់ពួកគេ៕