គ.ជ.ប៖ គណបក្សនយោបាយចំនួន៨ បានដាក់ភ្នាក់ងារចូលរួមសង្កេតដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលមានចំនួនសរុប៥,០៣៩នាក់


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានគណបក្សនយោបាយចំនួន៨ បានស្នើសុំដាក់ភ្នាក់ងាររបស់ខ្លួនសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបមានចំនួន ៥,០៣៩នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១,២៥៧នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្ដោះអាសន្នចំនួនភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី០៣ ខែតុលាម្សិលមិញ មានគណបក្សនយោបាយចំនួន៨ ហើយបានដាក់ភ្នាក់ងារគណបក្សនយោបាយ និងត្រូវបាន គ.ជ.ប អនុញ្ញាត។

គ.ជ.ប បានឱ្យដឹងថា ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាតមានដូចខាងក្រោម៖

ទី១៖ គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់គ្រប់ចំនួន ២៥រាជធានី-ខេត្ត
ទី២៖ គណបក្សខ្មែររួបរួមជាតិ បានដាក់ភ្នាក់ចំនួន ១៩រាជធានី-ខេត្ត
ទី៣៖ គណបក្សខ្មែរស្រឡាញ់ជាតិ បានដាក់ភ្នាក់ងារចំនួន ១១រាជធានី-ខេត្ត
ទី៤៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់ភ្នាក់ងារចំនួន ២រាជធានី-ខេត្ត
ទី៥៖ គណបក្សខ្មែរតែមួយ បានដាក់ភ្នាករចំនួន ១ខេត្ត
ទី៦៖ គណបក្សយុវជនកម្ពុជា បានដាក់ភ្នាក់ចំនួន ៣រាជធានី-ខេត្ត
ទី៧៖ គណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ភ្នាក់ងារចំនួន ៩រាជធានី-ខេត្ត
និងទី៨៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់ភ្នាក់ងារចំនួន ៤រាជធានី-ខេត្ត

ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕