សម្ដេចតេជោ ហ៊ុន សែន៖ ជាមោទនភាពសម្រាប់រាជរដ្ឋាភិបាល ដែលប្រឹងប្រែងប្រែក្លាយពីថ្លុកត្រពាំង វាលស្រែ ទៅជាទីតាំងសំណង់អគារផ្សេងៗ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ជាមោទនភាព សម្រាប់រាជរដ្ឋាភិបាល ដែលថ្លុក ត្រពាំង និងវាលស្រែ បានប្រែក្លាយទៅជាទីតាំងសំណង់អគារផ្សេងៗនាពេលបច្ចុប្បន្ននេះ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធអគារទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋ នៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវលេងតាមក្បូន ហ៊ុន សែន ម្ដងមើល […] យ៉ាងណាក៏វាមោទនភាពដែរ អាដី ដែលយើងធ្លាប់ឃើញ ក្រឡុក ថ្លុក ត្រពាំង វាលស្រែ ទៅដោយប៉ះម្អមស៊ី ឥលូវទៅជាផ្ទះខ្ពស់ៗ អស់រលឹងហើយ»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា ពីដើមនៅទីក្រុងភ្នំពេញ ក្នុងដី១ហិកតា មានសំណង់ត្រឹមតែ៥ពាន់ម៉ែត្រ ការ៉េប៉ុណ្ណោះ ប៉ុន្ដែដល់នាពេលបច្ចុប្បន្ននេះ ដីក្នុង១ហិកតា មានសំណង់ឡើងដល់៥ម៉ឺនម៉ែត្រការ៉េ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីប្រវត្តិឲ្យដឹងថា សម្តេចធ្លាប់រស់នៅសម័យសង្គមរាស្ត្រនិយម គឺកំលុងមុនឆ្នាំ១៩៥០ រាជធានីភ្នំពេញ ក៏ត្រូវទឹកជន់លិចពេញភ្នំពេញផងដែរ។ បើតាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាទឹកជំនន់ ជន់លិចនេះ មិនមែនតែស្រុកខ្មែរមួយនោះទេ ខណៈនៅស្រុកបារាំង ស្រុកអីតាលី ក៏មានទឹកជំនន់ និងប្រទេសផ្សេងទៀត ក៏ដូច្នោះដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រតិកម្ម ចំពោះការរិះគន់រឿងជំនន់លិចភ្នំពេញ។ ដោយសម្តេចតេជោ បញ្ជាក់ថា ការជន់លិច ដោយសារទឹកភ្លៀងវាធ្លាក់មកខ្លាំង ហើយថ្លែងថា អ្នករិះគន់រឿងការជន់លិចនៅភ្នំពេញ គឺជាការច្រណែន ចំពោះសមិទ្ធផលនៃការអភិវឌ្ឍ៕