ពិធីចែកអំណោយកញ្ចប់អាហារជាគ្រឿងឧបភោគបរិភោគ ដល់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារទីទាល់ក្រចំនួន ៧០គ្រួសារ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ


រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា រួមនឹង ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញចុះអប់រំ ផ្សព្វផ្សាយ និងផ្តល់អំណោយចំនួន ៧០កញ្ចប់ ដល់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារទីទាល់ក្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសមាគម ដូចជា ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី ឯកឧត្តម ម៉ាន សុគ្រី ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម ឯកឧត្ដម សុះ ហ្វាស៉ី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារយុវជនសមាគមនិស្សិតមុស្លិមកម្ពុជារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន។

អំណោយដែលចែកជូនមាន អង្ករ ១០៥០គីឡូក្រាម មី២៤កេះ អំបិល ៧០គីឡូក្រាម ត្រីខ ២១០កំប៉ុង ប្រេងឆា ៧០ដប ទឹកត្រី ២៨០ដប និងអំណោយរបស់ ឯកឧត្តម ឡេង ប៊ុនតេង ក្នុងនាមប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ត្រីខចំនួន៤០០កំប៉ុងផងដែរ ។