សម្តេចតេជោសែន វិលត្រឡប់មកកម្ពុជាវិញ


Cam US 19 02 16 2 copy

     សម្តេច​តេជោ​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​និង​គណៈ​ប្រតិភូ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ នៅ​យប់​ថ្ងៃ​ទី​១៨​កុម្ភៈ​នេះ ក្រោយ​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាម៉េរិក រយៈ​ពេល​ ​២​ថ្ងៃ ​លើ​ទឹក​ដី​សហ​រដ្ឋ​អាម៉េរិក ​រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ ។

     កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាម៉េរិក ​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័រនីញ៉ា បាន​បញ្ចប់​ទៅ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ នូវ​ទស្សនៈ​ពី​បណ្តា​មេ​ដឹក​នាំ​ចូល​រួម​នានា​ ដែល​ជម្រុញ​ស្ថាន​ភាព​អនាគត​ពាណិជ្ជ​កម្ម និង​ការ​ចូល​រួម​រក្សា​សន្តិភាព​ក្នុង​តំបន់​ និង​ពិភព​លោក ​។ កិច្ច​ប្រជុំ​ចំនួន​ ២​ថ្ងៃ​នោះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​ចំនួន​ ១៧​ចំណុច ដែល​បាន​លើក​ឡើង​បង្ហាញ​ពី​ចំណុច​ទំនាក់​ទំនង​យុទ្ធ​សាស្ត្រ​សម្រាប់​អនាគត ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​អាស៊ាន​ និង​សហរដ្ឋ​អាម៉េរិក​… បញ្ហា​ដោះ​ស្រាយ​ជម្លោះ​ក្នុង​សមុទ្ទ​ចិន​… ការ​គោរព​ទៅ​វិញ​ទៅ​មក​នូវ​អធិប​តេយ្យ​ភាព បូរណ​ភាព​ទឹក​ដី សម​ភាព​ និង​ឯករាជ្យ​នយោបាយ​របស់​ប្រជា​ជាតិ​អាស៊ាន​ និង​អាម៉េរិក​… គាំទ្រ​ធម្មនុញ្ញ​អាស៊ាន​… ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ​ និង​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ ​។

     ប្រ​ធានា​ធិបតី​អាម៉េរិក​ លោក បារ៉ាក់ អូបាម៉ា បាន​បង្ហាញ​ពី​នយោបាយ​អាម៉េរិក ​ដែល​រក​តុល្យ​ភាព​សា​ឡើង​វិញ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក និង​ប្រកាស​ថា ​សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​ដើរ​តួនាទី​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក​នេះ​វិញ​ហើយ​ ។ សម្តេច​តេជោ​ ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេស​ប៊ុក​ថា កិច្ច​ប្រជុំ​មេ​ដឹក​នាំ អាស៊ាន​-​អាម៉េរិក បាន​ប្រព្រឹត្ត​ក្នុង​ស្មារតី​សាមគ្កី​ភាព ​និង​ការ​ទទួល​ខុស​ត្រូវ និង​កិច្ច​ប្រជុំ​នេះ បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ​។ សម្តេច​តេជោ​សែន ​បាន​មាន​ប្រសាសន៍​បន្ត​ថា តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​ ២​ថ្ងៃ​នេះ ភាព​ជា​ដៃ​គូ​យុទ្ឋ​សាស្ត្រ​ត្រូវ​បាន​ពង្រឹង​ថែម​មួយ​កំរិត​ទៀត​ រវាង​អាស៊ាន និង​សហរដ្ឋ​អាម៉េរិក​ ។

Cam US 19 02 16 3 copy