ខ្លឹមសារលំអិត នៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាង


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅរសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានជំនួបពិភាក្សាពិសេសមួយតាមប្រព័ន្ធវីដេអូ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងបានឆ្លៀតផ្តាំផ្ញើសួរសុខទុក្ខលោក ស៊ី ជិនពីង ប្រធានាធិបតីចិនផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងថ្វាយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ពេលយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរខួប១០០ឆ្នាំ នៃការ បង្កើតគណបក្សកុម្មុយនិស្តចិន កាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ សម្តេចតេជោ បានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិន ដែលអាចលុបបំបាត់ទាំងស្រុងនូវភាពទីទ័លក្រក្នុងសង្គមចិន។ សម្តេចតេជោ ក៏បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចចិន ៩.៨ភាគរយ ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង និងការចូលរួមរបស់ថ្នាក់ដឹកនាំចិន នឹងធ្វើឱ្យចិនកាន់តែរីកចម្រើនខ្លាំងក្លា។

ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងដែរថា ក្នុងជំនួបដ៏ពិសេសនេះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានពិភាក្សាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិផងដែរ។

សម្រាប់ក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រី បានពិភាក្សាផ្តោតជាសំខាន់ទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ពាក់ព័ន្ធលើបញ្ហាទាំងនេះ សម្តេចតេជោ និងលោក លី ខឺឈាង បានឯកភាពគ្នាជំរុញពាណិជ្ជកម្មប្រទេសទាំងពីរឱ្យបានកើនឡើងដល់ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយក៏បានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនៅខែមករា ឆ្នាំ២០២២។

លើវិស័យកសិកម្ម លោក លី ខឺឈាង បានជំរុញឱ្យធ្វើការរួមគ្នារវាងភាគីទាំងពីរ ដោយពិភាក្សាគ្នាលើកូតានាំអង្ករ និងកសិផលនាំចូលប្រទេសចិនដោយផ្ទាល់តែម្តង តាមរយៈការបង្កើតយន្តការរួមគ្នាមួយពិនិត្យមើលផលិតផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅប្រទេសចិន គប្បីធ្វើឡើងដោយផ្ទាល់រវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះលោក លី ខឺឈាង បានសន្យាបន្តជួយកម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយផ្តល់នូវវ៉ាក់សាំង ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ១៩។ លោក លី ខឺឈាង បានបន្តថា នៅពេលខាងមុខរដ្ឋាភិបាល និងប្រជាជន នឹងបន្តផ្តល់វ៉ាក់សាំង គ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ និងបរិក្ខារពេទ្យដទៃទៀត មកដល់ប្រទេសកម្ពុជាបន្ថែមទៀត។

លោក លី ខឺឈាង បានបញ្ជាក់ដែរថា ចិននឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៥០០កន្លែងបន្ថែមទៀត សម្រាប់រយៈពេល ៥ឆ្នាំ។ រដ្ឋាភិបាល ក៏កំពុងពិនិត្យបើកឱ្យនិស្សិតកម្ពុជា បានទៅបន្តសិក្សាដោយផ្ទាល់នៅប្រទេសចិនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិវិញ លោកនាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ថា ចិន នឹងចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយចិន ក៏នឹងផ្តល់ជំនួយដល់កម្ពុជា ក្នុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ផងដែរ៕