សម្ពោធសាលារៀន ៤ខ្នង នៅអារ៉ែង


Areng 24 02 16 2 copy

     សាលា​រៀន​ ៤​ខ្នង ​នៅ​តំបន់​អារ៉ែង ​ខេត្ត​កោះ​កុង គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ហើយ​ ។

     តំបន់​អារ៉ែង​ ​មាន​ចម្ងាយ​ជិត​ ១០០​គីឡូ​ម៉ែត្រ​ ពី​ទី​រួម​ខេត្ត​កោះ​កុង គឺ​ជា​តំបន់​ដាច់​ស្រយាល​ក្នុង​ព្រៃ​ ដែល​មាន​ចំនួន ​៣​ឃុំ​ គឺ​ឃុំ​ប្រឡាយ, ឃុំ​ជំនាប់ និង​ឃុំ​ថ្ម​ដូន​ពៅ ស្ថិត​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះ​កុង​ ។ តំបន់​អារ៉ែង​ដាច់​ស្រយាល គឺ​ជា​តំបន់​ដែល​មាន​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ ខ្វះ​ប្រពន្ធ័​ទូរសព្ទ័​ទំនាក់​ទំនង ខ្វះ​ចរន្ត​អគ្គិសនី និង​ខ្វះ​សាលា​រៀន​ជា​ដើម​ ។ នៅ​ទី​នោះ​ប្រជា​ពលរដ្ឋ​ខ្វះ​សាលា​រៀន​… ខ្វះ​គ្រូ​បង្រៀន ដែល​តម្រូវ​ឲ្យ​សិស្ស​ដែល​មាន​ចំនួន​ច្រើន ត្រូវ​ផ្លាស់​ប្ដូរ​គ្នា ​២​វេន​ ក្នុង​១​ថ្ងៃ ដើម្បី​អាច​ចូល​រៀន​បាន​ច្រើន​ថ្នាក់​ ។

     ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ចំពោះ​សិស្ស​ថ្នាក់​បឋម​សិក្សា​ចំនួន ​២៤៣​នាក់ និង​ប្រជា​ពលរដ្ឋ​រួម​ទាំង​អាជ្ញាធរ​ដែន​ដី​នៅ​ទី​នោះ​ដែល​ខ្វះ​សាលា​រៀន ទើប​នៅ​ឆ្នាំ​ ២០១៥ ចលនា​យុវជន​កម្ពុជា​ក្រុម​​១៥៧ ​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ និង​ជួយ​សាង​សង់​សាលា​រៀន​ជូន​ចំនួន ​៤​ខ្នង ​។ សាលា​រៀន​ទាំង ​៤​ខ្នង ​ស្ថិត​ក្នុង​ឃុំ​ប្រឡាយ និង​ឃុំ​ជំនាប់ ស្រុក​ថ្ម​បាំង ខេត្ត​កោះ ​សាង​សង់​ពី​ឥដ្ឋ ប្រក់​សង្ក័​សី និង​មាន​បង្គន់​អនាម័យ​ត្រឹម​ត្រូវ មាន​អណ្ដូង​ទឹក​ស្អាត​ជា​ដើម​ ។

     ក្នុង​ចំណោម​សាលា​រៀន​ទាំង​ ៤​ខ្នង មាន​ ៣​ខ្នង ​ជា​អំណោយ​របស់​សមាគម​ចលនា​យុវជន​កម្ពុជា​ (ក្រុម​១៥៧​) និង​ ១​ខ្នង​ទៀត ជា​អំណោយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​រដ្ឋ​កាលី​ហ្វរញ៉ា សហរដ្ឋ​អាមេរិក ។ ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សាលា​រៀន​ទាំង​៤ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ ដើម​សប្ដាហ៍​ក្រោយ​នេះ ក្រោម​អធិបតី​ភាព បណ្ឌិត ​ហ៊ុន ម៉ាណែត ដែល​ជា​ស្ថានិក​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ ។

     តំបន់​អារ៉ែង គឺ​ចាប់​តាំង​ពី​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ​បាន​ចុះ​ទៅ​ពិនិត្យ​ និង​សាក​សួរ​សុខ​ទុក្ខ​ប្រជា​ជន​នៅ​ទី នោះ​មក​ក្រុម​យុវជន​១៥៧ ​ត្រូវ​គេ​ឃើញ​បាន​សហការ​ជា​មួយ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ ជួស​ជុល​ផ្លូវ ស្ពាន ជួយ​អណ្ដូង​ទឹក ម៉ាស៊ីន​បូម​ទឹក ​គោ​យន្ត​ភ្ជួរ​ស្រែ គោ​យន្ត​ដឹក​ជញ្ជូន និង​ការ​ជួយ​វត្ត​អារាម​ផង​ដែរ​ ។

Areng 24 02 16 3 copy  Areng 24 02 16 4 copy

Areng 24 02 16 5 copy  Areng 24 02 16 6 copy