ឯកឧត្តម ហោ សារុន អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ” បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”


នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងនាយឧត្ដមសេនីយ ឃុន សំបូរ អញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលា ស្ដីពី ” បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព” រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា សិក្ខាសាលានេះ មានសារៈសំខាន់ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ ជាក់ស្តែង ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ ៧៦៨ទីតាំង ត្រូវបានផ្អាកដំណើការ បុគ្គលិក ៧,០០០នាក់ បាត់បង់ការងារ។ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តន៍ តាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ទប់ស្កាត់ជំងឺកូវីដ១៩ អនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ និងប្រតិបត្តិ ស្តង់ដារអប្បរមាក្រសួងទេសចរណ៍ ក៏ដូចជាវិធានការរបស់ ក្រសួងសុខាភិបាល រក្សាស្ថិរភាព ទេសចរណ៍ ឱ្យមានដំណើរការអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងទម្លាប់ថ្មី។

ឯកឧត្តមបានថ្លែងអំណរគុណក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលា បណ្តុះបណ្តាល និងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពដល់មន្ត្រីរបស់យើង ក្នុងការស្តារ និងទាក់ទាញទេសចរ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្តោងសហព័ន្ធអន្តរជាតិ និងការធ្វើជា ម្ចាស់ផ្ទះរៀប ចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ នាពេលខាងមុខ។

លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រសាសន៍ថា សិក្ខាសាលានេះផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀតដល់ មន្ត្រីអន្តោប្រវេសន៍គឺ៖ ទី១.យល់ដឹងបទពិសោធន៍ក្នុងការធ្វើបដិ សណ្ឋារកិច្ចភ្ញៀវបរទេស និងគណៈប្រតិភូ, ២.ពង្រឹងសេវាកម្មជំនាញ, ៣.ការធ្វើអំពើល្អ។

លោកបន្តថា ក្នុងនាមជាមន្ត្រីជំនាញត្រូវទទួលខុសត្រូវ និងគិតពីក្រមសីលធម៌ដូចជា៖ ១-គោរពវិន័យកងកម្លាំង, ២-សម្លៀកបំពាក់សមរម្យ, ៣-ពាក្យសម្តីទន់ភ្លន់ រាក់ទាក់, ៤-ការផ្តល់ព័ត៌មាន និងការជួយសម្របសម្រួល, ៥-រៀបចំកន្លែងធ្វើការ និងកន្លែងទទួល ភ្ញៀវស្អាត ដើម្បីចូលរួមលើកស្ទួយវិស័យទេស ចរណ៍គ្មានផ្សែងនេះឱ្យដំណើរការល្អនៅ តាមច្រកទ្វារអន្តរជាតិទាំងអស់ក្នុងខេត្តព្រះសីហនុ មានដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស កាន់តែល្អបន្ថែមទៀត ។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការបើកសិក្ខាសាលា ស្តីពី ” បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព ” នាពេលនេះ គឺក្នុងគោលបំណងកសាងសមត្ថភាព និងផ្តល់នូវចំណេះដឹងលើការងារបដិសណ្ឋារកិច្ច រួសរាយដល់ភ្ញៀវទេសចរនៅតាមច្រកទ្វារអាកាស យានដ្ឋានកងកេង ដោយធានាឱ្យមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើបដិសណ្ឋារកិច្ច រក្សាសន្តិសុខ សុវត្ថិភាពទេសចរណ៍ ពិសេស សម្រាប់ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូ ចូលរួមក្នុងវេទិកាទេសចរណ៍ អាស៊ាន លើកទី៤០ (ASEAN Tourism Forisn Forum-ATF) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២ខាងមុខ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមបន្តថា ក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ បានរាតត្បាតពេញ សកលលោក ហើយវិស័យទេសចរណ៍មានការប៉ះពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២០ កម្ពុជា ទទួលភ្ញៀវទេសចរបរទេសប្រមាណ ១,៣លាននាក់ ថយចុះ ៨០,២ភាគរយ ធៀប២០១៩។ ក្នុងរយៈ ១០ខែ ឆ្នាំ២០២១ កម្ពុជាទទួលភ្ញៀវទេសចរបរទេស ១៤៤.៤៣៣នាក់ ថយចុះ ៨៨,៦ភាគរយ ធៀបឆ្នាំ២០២០។ ក្រសួងទេសចរណ៍ ជំរុញចលនាផ្សព្វផ្សាយ បង្កើនចលនា ទេសចរណ៍ផ្ទៃក្នុង សម្របសម្រួលការធ្វើដំណើរ ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ និងសមត្ថភាពជំនាញក្នុងវិស័យទេសចរណ៍។ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនឹងក្រោយវិបត្តិកូវីដ-១៩ (២០២០-២០២៥) រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៍កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២១ ដោយចែកជា៣ ដំណាក់កាលទី១. Resilience & Restart ការគ្រប់គ្រងវិបត្តិក្នុងទម្លាប់ថ្មី និងរៀបចំការស្តារឡើង វិញ (២០២០-២០២១) ដំណាក់កាលទី២. Recovery ការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយ វិបត្តិកូវីដ (២០២២-២០២៣) ដំណាក់កាលទី៣. Relaunch ការរៀបចំឆ្ពោះទៅ អនាគតថ្មីនៃ វិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។ ព្រមទាំងស្នើសុំឱ្យសិក្ខាកាមទាំង អស់ត្រូវយក ចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរដោយទឹកមុខញញឹម រួស រាយរាក់ទាក់ ទន់ភ្លន់ តែម៉ឺងម៉ាត់ក្នុងការងារ បង្កើតការប្រុងប្រយ័ត្ន ចាត់ វិធានការប្រកប ដោយប្រសិទ្ធភាព ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងព្រះរាជាណាចក្រ កម្ពុជា៕