ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសថៃ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យលោក ដន ប្រាម៉ាត់វីណៃ (Don Pramudwinai)ឧបនាយក រដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ ខែ ធ្នូ ២០២១នេះនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ដន ប្រាម៉ាត់វីណៃឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរ ទេសនៃព្រះរាជាណាចក្រថៃបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានិងធ្វើជាសហប្រធានជាមួយលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១នៃគណៈ កម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(JC) រវាងកម្ពុជានិងថៃបីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១នៅរាជធានីភ្នំពេញ ។ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC)លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា»លោកឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសទាំងពីរ នឹង ពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និង ពិភាក្សាលើទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរក្នុង ក្របខណ្ឌទ្វេភាគីនិងពហុភាគីក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការដ៏ជិតស្និទ្ធនិងគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រទាំងពីរដើម្បី ការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សក្រោយពីវិបតិ្តកូវីដ-១៩។

ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ប្រមុខការទូតនៃប្រទេសទាំងពីរនឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍ សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែតនិងមន្ទីរពេទ្យមង្គលបូរីនៃខេត្តបន្ទាយមានជ័យនិងបិទបញ្ចប់កម្មវិធី ដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា ៕