ជនពិការក្រីក្រនៅតាមសហគមន៍ចំនួន៦២៤នាក់ ក្នុងខណ្ឌព្រែកព្នៅ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាល


(ភ្នំពេញ)៖ ជនពិការក្រីក្រចំនួន៦២៤នាក់ រស់នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាល។ នេះបង្ហាញឲ្យឃើញថា ជាការខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់បងប្អូនជនមានពិការភាព។

នេះជាការឡើងរបស់ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យតំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើក ផ្ដល់ថវិការបបគោលនយោបាយជូនដល់ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមសំនៀងតន្ត្រីជនពិការ លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខមាលភាពជនពិការ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជរាជធានីភ្នំពេញ លោកស្រី សក់ ចិន្តារី នាយករងរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ និងលោក សន ស៊ិន ចៅសង្កាត់គោករការ។

លោកស្រី មុំ ចាន់ដានី បានថ្លែងថា ក្នុងបរិបទកូវីដ១៩ ដែលជាវិបត្តិសកល រាជធានីភ្នំពេញក៏បានប្រឈមការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងនោះក៏មានបងប្អូនជនមានពិការភាពមួយចំនួនបានទទួលរងផលប៉ះពាល់វិជ្ជមានកូវីដ-១៩ ផងដែរ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលក្នុងការថែទាំព្យាបាល និងការទប់ស្កាត់ព្រមទាំងយុទ្ធនាការ ចាក់វាក់សាំងបង្ការនិងទប់ស្កាត់កូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ដល់ប្រពលរដ្ឋ ជាមួយគ្នានេះបងប្អូនជនមានពិការភាពទូទាំងប្រទេស ក៏ដូចបងប្អូនជនមានពិការភាពរាជធានីភ្នំពេញ ក៏ទទួលបានការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ក្នុងការការពារអាយុជីវិតផងដែរ។

លោកស្រីបន្ថែមថា ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលមានពិការភាព ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងដើម្បីលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់រយលានដុល្លារ សម្រាប់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រដែលរងគ្រោះ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំចង្អុលបង្ហាញ និងគាំទ្រផ្នែកបច្ចេកទេស សម្របសម្រួល និងត្រួតពិនិត្យដាក់ចេញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាពសំដៅផ្តល់ផលប្រយោជន៍ដល់ក្រុមគោលដៅរងគ្រោះ និងងាយរងគ្រោះ បានតាមការរំពឹងទុក។

លោកស្រីបញ្ជាក់ថា ជនពិការក្រីក្រដែលត្រូវទទួលបានរបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានចំនួន ៦២៤នាក់ ស្រី៣០៨ នាក់ ដែលមកពី សង្កាត់ចំនួន៥ ក្នុងនោះមាន ៖ សង្កាត់គោករកាចំនួន៥៣០នាក់ សង្កាត់ពញាពន់៣៤នាក់ សង្កាត់ព្រែកព្នៅ៤៧នាក់ សង្កាត់ពន្សាំង ៨នាក់ និងសង្កាត់សំរោង ៥នាក់ សរុបទឹកប្រាក់ចំនួន ១៤៧.០០០.០០០រៀល។ ថ្ងៃនេះ ជនពិការក្រីក្រដែលទទួលបានរបបគោលនយោបាយ មានចំនួន៥៣០នាក់ ចំពោះជនពិការក្រីក្រ ចំនួន ៩៤នាក់ បានបើកផ្តល់ជូន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ រួចរាល់ហើយ៕