ប្រធានាធិបតីវៀតណាម ចូលរួមព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ដែលរៀបចំដោយព្រះមហាក្សត្រកម្ពុជា


នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ដែលរៀបចំឡើងដោយ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ដើម្បីស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីវៀតណាម។

ពិធីនេះ ក៏មានការចូលរួមដោយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមទាំងថ្នាក់ដឹកនាំវៀតណាម ដែលបានអមដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីវៀតណាមផងដែរ។

សូមបញ្ជាក់ថា ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃអង្គារនេះ។ បន្ទាប់ពីបានមកដល់កម្ពុជា នៅព្រឹកមិញនេះ លោក ង្វៀន សួនហ៊្វុក បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។

បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ លោកប្រធានាធិបតីវៀតណាម បានមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបន្ទាប់ពីបញ្ចប់ជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីវៀតណាម ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រវាងកម្ពុជា-វៀតណាមផងដែរ។

លោក ង្វៀន សួនហ៊្វុក ក៏បានមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាថែមទៀត។ លោកប្រធានរដ្ឋ ក៏បានអញ្ជើញធ្វើជាអធិបតីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភាផងដែរ៕