សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអូស្រ្តាលី ដែលផ្តល់វ៉ាក់សាំង ចំនួន ២.៣៥លានដូសដល់កម្ពុជា


ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Pfizer ចំនួន ២.៣៥លានដូស ដែលរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីផ្តល់ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់អូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងនេះ ដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជារីករាយ ដែលបានមកទទួលវ៉ាក់សាំងជំនួយរបស់អូស្ត្រាលី និងសូមថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ប្រភេទ Pfizer ចំនួន ២.៣៥លានដូស ដែលក្នុងនោះ ៧៨៣,០០០ដូស បានមកដល់ថ្ងៃនេះ និងចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងមកដល់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១»

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃ របស់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេសនៅពេលដែលកម្ពុជា កំពុងតែព្យាយាមសម្រប និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩នេះ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ៕