រដ្ឋាភិបាលអូស្ត្រាលី ប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា ឆ្លើយតបទៅនឹងជំងឺរាតត្បាតជំងឺកូវីដ១៩


រដ្ឋាភិបាលអូស្រ្តាលី បានប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ស្តីពីការផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន២.៣៥លានដូស ដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលីបានបញ្ជាក់ដូច្នេះថា៖ «អូស្ត្រាលីនឹងបន្តនៅជាមួយកម្ពុជា ធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ។ យើងនៅតែប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នាដើម្បីធានាសុវត្ថិភាព និងវិបុលភាពរបស់ប្រជាជនយើង ប្រទេសយើង និងក្នុងតំបន់ទាំងមូល»

នៅថ្ងៃនេះ ប្រទេសអូស្ត្រាលីបានចាប់ផ្តើមនៃការប្រគល់វាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer BioNTech ចំនួន ២,៣៥លានដូសដល់ប្រជាជនកម្ពុជា។ ជំនួយវ៉ាក់សាំងប្រភេទ Pfizer នេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅព្រលប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួន ៧៨៣,០០០ដូស ហើយនឹងបន្តដឹកមកដល់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ចំនួន ១,៥៦៧,៥៣០ដូសទៀត។

សេចក្តីប្រកាសរបស់ស្ថានទូតអូស្រ្តាលី បានបញ្ជាក់បន្ថែមថា «នេះបង្កើតបានជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការចែករំលែកវាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ទៅ៦០លានដូស ជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រឹមដំណាច់ឆ្នាំ២០២២ ដែលបានចែកចាយបានជាង ១០លានដូសមកហើយ រហូតមកដល់បច្ចុប្បន្ននេះ»

លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «អូស្ត្រាលី មានមោទនភាពក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដោយធ្វើការផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ Pfizer-BioNTech ចំនួន ២,៣៥លានដួស។ ការបរិច្ចាកវ៉ាក់សាំងនេះ ជាលើកទីមួយហើយ ដែលវាក់សាំង Pfizer-BioNTech នឹងត្រូវបានប្រើប្រាស់ក្នុងចំនួនច្រើនបែបនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

លោក Andreas Zurbrugg បានបន្ថែមថា៖ «អូស្ត្រាលីយល់ថាយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ គឺទាមទារឱ្យមានការធ្វើផែនការ ការគ្រប់គ្រង សម្ភារៈបរិក្ខា ការចែកចាយ និងការបណ្តុះបណ្តាល ដើម្បីធានាថា គ្រប់គ្នាត្រូវបានការពារ រួមទាំងអ្នកដែលងាយរងគ្រោះ និងប្រជាជនដែលនៅឆ្ងាយពិបាកទៅដល់ផងដែរ។ នេះជាមូលហេតុដែលយើងបានផ្តល់កញ្ចប់ជំនួយដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈជំនួយឥតសំណងដែលមានថវិកាចំនួន២៨លានដុល្លារអាមេរិក។ បន្ថែមពីលើវ៉ាក់សាំង Pfizer BioNTech ជំនួយរបស់អូស្ត្រាលីក៏កំពុងជួយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់ ការគាំទ្រផ្នែកដឹកជញ្ជូន និងសម្ភារៈបរិក្ខារផងដែរ»

បន្ថែមពីនេះ អូស្ត្រាលីកំពុងធ្វើការជាដៃគូជាមួយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនេះ។ លោក Andreas Zurbrugg បានមានប្រសាសន៍ថា៖ «ជំនាញរបស់អង្គការយូនីសេហ្វ ក្នុងការទិញ និងចែកចាយវ៉ាក់សាំង ជាពិសេសទៅកាន់ទីតាំងដែលពិបាកទៅដល់ នឹងបង្កើនការផ្តល់វ៉ាក់សាំងដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ រួមទាំងជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ»

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ជំងឺរាតត្បាតនេះ បានបង្ហាញឱ្យឃើញជាថ្មីម្ដងទៀតថា មធ្យោបាយតែមួយគត់ដែលយើង អាចដោះស្រាយបញ្ហាប្រឈមធំបំផុតនានារបស់យើង គឺភាពជាដៃគូជាមួយគ្នាទៅវិញទៅមក ហើយរដ្ឋាភិបាលអូស្ត្រាលីជាដៃគូដ៏សំខាន់បំផុតមួយ របស់អង្គការយូនីសេហ្វ នៅក្នុងតំបន់»

លោកស្រីបានបន្ថែមថា៖ «ការគាំទ្ររបស់អូស្ត្រាលីមិនត្រឹមតែផ្ដល់វ៉ាក់សាំងដែលត្រូវការបំផុត ក្នុងដំណាក់កាលសំខាន់មួយទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យយើងគាំទ្រដល់រដ្ឋាភិបាល និងដាក់ឲ្យដំណើរការនូវប្រព័ន្ធត្រជាក់ និងសមត្ថភាព សម្រាប់រក្សាទុកវ៉ាក់សាំង ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធសុខាភិបាលជាអចិន្ត្រៃយ៍ ហើយអាចឱ្យប្រព័ន្ធសុខាភិបាលនេះឆ្លើយតបកាន់តែមានប្រសិទ្ធិភាព ចំពោះបញ្ហាប្រឈមនានា នៅពេលអនាគត។ យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការគាំទ្រដល់ការស្តារឡើងវិញរបស់ប្រទេសកម្ពុជា»

អូស្ត្រាលីក៏បានផ្ដល់វិភាគទានចំនួន១៣០លានដុល្លាអូស្ត្រាលីផងដែរដល់យន្តការកូវាក់ COVAX Advance Market Commitment – AMC ដែលជួយសម្រួលដល់ការទទួលបានវ៉ាក់សាំង សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ មកដល់ពេលនេះ វ៉ាក់សាំងប្រមាណ ៣លានដូសហើយ បានមកដល់កម្ពុជាតាមរយៈយន្តការ COVAX AMC ។ ជំនួយរបស់អូស្ត្រាលីនេះ បន្ថែមពីលើការគាំទ្រជាច្រើនទសវត្សលើវិស័យសុខាភិបាលរបស់កម្ពុជា រួមទាំង តាមរយៈគម្រោងលើកំពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ដែលកំពុងធ្វើការ ដើម្បីបង្កើនគុណភាពនៃសេវាដែលផ្ដល់ដោយមណ្ឌលសុខភាពជាង១២០០ នៅទូទាំងប្រទេសកម្ពុជា។

នៅពេលចាប់ផ្តើមនៃជំងឺរាតត្បាតនេះ អូស្ត្រាលីបានធ្វើការជាមួយដៃគូនានា ដើម្បីគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការទិញឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងដឹកជញ្ជូនអ្នកជំងឺកូវីដ-១៩ រួមមាន ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន ១១០ និងឧបករណ៍តាមដានអ្នកជំងឺចំនួន ៣៧០ និងរថយន្តសង្គ្រោះចំនួន ៨០ គ្រឿងផងដែរ៕