ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ : វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនខ្លាំងលុះត្រាមានសុខសន្តិភាព ការអភិវឌ្ឍឱ្យបានយូរអង្វែង ទទួលបានសមិទ្ធផលបន្ថែមទៀត


ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិ ការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក អមដំណើរដោយលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងសហការីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកសាងព្រះវិហារ នៅវត្តសិរីកើតបុណ្យ (ហៅផល្លាបំពេញរាជ្យលោកតាស្វាយ) ស្ថិតនៅភូមិសួសគ្រុន ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យទី១៦ ខែមករា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ មានប្រសាសន៍ថា ស្ថិតក្រោមមាគ៌ាដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកសាងស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិយើង តាមរយៈការបង្កើតនូវធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ច វប្បធម៌ជាតិ ជាពិសេសវិស័យព្រះពុទ្ធសាសនា ដែលបានកប់បាត់ក្នុងដំណាក់កាលសម័យបនប្រល័យពូជសាសន៍ខ្មែរក្រហម។ ដូចនេះសូមឱ្យលោកតា លោកយាយ ជួយអប់រំកូនចៅឱ្យយល់ពីវិស័យព្រះពុទ្ធសាសនា ព្រោះយុវជនមួយចំនួនមិនសូវស្គាល់ពីពុទ្ធសាសនាទេ។ ត្រូវជំរុញលើកទឹកចិត្តគាត់ឱ្យចូលវត្តអារាម ដើម្បីថ្វាយបង្គំព្រះសង្ឃ។ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនខ្លាំង លុះត្រាមានសុខសន្តិភាព ការអភិវឌ្ឍ ឱ្យបានយូរអង្វែងតទៅមុខទៀត។

ព្រះពិក្ខុអត្តសិរី ទីន រស្មី ព្រះចៅអធិការវត្តសិរីកើតបុណ្យ (ហៅផល្លាបំពេញរាជ្យលោកតាស្វាយ) បានមានសង្ឃដីកាថា អស់រយៈពេលជាង២ឆ្នាំ ៨ខែ ១៤ថ្ងៃ ទាំងបាតដៃទទេ ខ្ញុំព្រះករុណាអាត្មាភាព និងពុទ្ធបរិស័ទចំណុះជើងវត្ត បានខិតខំផ្តួចផ្ដើមកសាងវត្តនេះ ឱ្យមានការរីកចម្រើនជាបណ្ដើរៗ រហូតដល់សព្វថ្ងៃនេះ។ ជាពិសេសត្រូវចេះលើកទឹកចិត្តកូនចៅឱ្យគោរពព្រះពុទ្ធសាសនាព្រោះថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ សូមឱ្យគណៈកម្មការអាចារ្យ វត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ត្រូវចេះសហការគ្នា សាមគ្គីគ្នា ដើម្បីចុះអប់រំផ្សព្វផ្សាយ ធ្វើឱ្យព្រះពុទ្ធសាសនាមានការរីកចម្រើន។

ព្រះពិក្ខុអត្តសិរី ទីន រស្មី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជន ដៃគូអភិវឌ្ឍន៍ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីកសាងសមិទ្ធផលនានានៅក្នុងវត្ត ឱ្យបានរីកចម្រើនឆាប់រហ័ស និងចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ៕