សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនធានាជូនអ្នកឯងទាក់ទិននឹងបញ្ហាភ័យខ្លាចទេ កុំតែប្រព្រឹត្តអំពើទុច្ចរិតទៅគ្មាននរណាគេធ្វើអីលោកឯងទេ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការប្រតិកម្មចំពោះក្រុមប្រឆាំងមួយចំនួនដែលលើកឡើងថា នៅកម្ពុជាមានតែសន្តិភាពផ្លូវកាយ ប៉ុន្តែមិនទាន់មានសន្តិភាពផ្លូវចិត្តនោះទេ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនធានាជូនអ្នកឯងទាក់ទិននឹងបញ្ហាភ័យខ្លាចទេ ហើយអ្នកនោះកុំតែប្រព្រឹត្តអំពើទុច្ចរិតទៅគ្មាននរណាគេធ្វើអ្វីនោះទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំមិនអាចធានាជូនទាក់ទិននឹងបញ្ហាអ្នកឯងភ័យខ្លាចរឿងនេះរឿងនោះ កុំតែប្រព្រឹត្តអំពើទុច្ចរិតទៅវាគ្មាននរណាគេធ្វើអីលោកឯងទេ កុំខ្វល់ពេក ហើយខ្ញុំធានាជូនត្រឹមតែកុំឱ្យមានចម្បាំងរាំងជល់ដូចកាលពីអតីតកាល កុំឱ្យមានការសម្លាប់គ្នាដោយអាវុធ»

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមេដឹកនាំក្រុមប្រឆាំងបានលើកឡើងកាលពីពេលកន្លងទៅថា កម្ពុជាមិនមានសន្តិភាពផ្លូវចិត្ត។ ក្រុមប្រឆាំងខ្លះ បានលើកឡើងថា ការមិនមានសន្តិភាពផ្លូវចិត្តនេះ ដោយសាររាជរដ្ឋាភិបាលបានបង្ក្រាបនៅពេលមានការតវ៉ាជាដើម។

សម្តេចតេជោ បានលើកឡើងថា «អញ្ចឹងនៅលើលោកិយ៍នេះ ប្រហែលជាមានតែប្រទេសកូរ៉េខាងជើងមួយគត់ដែលអត់មនុស្សតវ៉ា ក្រៅពីហ្នឹង គឺមានមនុស្សតវ៉ាសទាំងអស់»។ សម្តេចបានចោទសួរដែរថា នៅសហរដ្ឋអាមេរិក ដែលមានការតវ៉ាជាប់រហូត មានអត់សន្តិភាពឬយ៉ាងណា?

សម្តេចបានបន្តទៀតថា មានខ្លះគេនិយាយទៀតថា តើសន្តិភាពយ៉ាងម៉េច បើក្រោមកណ្តាប់ដៃដែករបស់ «ហ៊ុន សែន» ហ្នឹង។ សម្តេចបញ្ជាក់ថា៖ «ត្រូវហើយអ្នកឯងនិយាយត្រូវ បើគ្មានកណ្តាប់ដៃដែករបស់អាមួយហ្នឹងទេ ពួកអ្នកឯងធ្វើរពើករពើមពេញប្រទេស ពេលណាដែលអ្នកឯងអនុវត្តខុស ខ្ញុំត្រូវតែអនុវត្តនូវកណ្តាប់ដៃដែកនេះ អនុវត្តកណ្តាប់ដៃដែកដើម្បីការរស់រានដ៏សុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពួកអ្នកឯងបួនដប់ម្ភៃនាក់ ១០០នាក់ មកធ្វើផ្តេសផ្តាស់បំផ្លាញសន្តិភាពទូទាំងប្រទេស រឿងអីមិនឱ្យយើងប្រើ អំណាចរបស់យើងដើម្បីការពារប្រជាជន»