ជប៉ុន ស្នើសុំសម្តេចតេជោ ហ៊ុន សែន សិក្សាបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត


លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនរបស់ជប៉ុន សិក្សារកវិធីបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត ដែលតែងតែគំរាមកំហែងដល់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សំណើរបស់លោក Takahashi Fumaiki បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

លោក Takahashi Fumaiki បានជម្រាបសម្តេចតេជោថា ក្រុមហ៊ុនរបស់ជប៉ុន សិក្សាបានមួយចំនួនហើយ លើការងារបញ្ចៀសទឹកជំនន់ពីស្ទឹងព្រែកត្នោតនេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់អ្នកព័ត៌មានថា ជាកិច្ចឆ្លើយតបលើសំណើនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាំលោក Takahashi Fumaiki ជួបរដ្ឋមន្ត្រីក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញគម្រោងសិក្សាការបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោត។

សូមបញ្ជាក់ថា ស្ទឹងព្រែកត្នោតដែលហួរកាត់ពីជួរភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ កាត់តាមខេត្តកណ្តាល និងរាជធានីភ្នំពេញនោះ កាលពីឆ្នាំ២០២០ បានបង្កនូវការជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ ហើយឆ្នាំ២០២១ ក៏បានជន់លិចដែរតែមិនធ្ងន់ធ្ងរដូចឆ្នាំ២០២០នោះឡើយ៕